កោះកុង៖ កោះទទឹង ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរៀបចំឲ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀត ដើម្បីជំរុញកំណើនទេសចរណ៍ ហើយចាប់ផ្ដើមឲ្យភ្ញៀវទេសចរទៅសម្រាកលម្ហែកាយបានចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
សម្រាប់កោះដ៏ស្ងប់ស្ងាត់មួយនេះ មានរុក្ខជាតិច្រើនប្រភេទ យ៉ាងត្រឈឹងត្រឈៃ អមដោយឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត លាតសន្ធឹងប្រវែងប្រមាណ ២ពាន់ម៉ែត្រ (២គីឡូម៉ែត្រ) ប្របនឹងជើងមេឃពណ៌ខៀវស្រងាត់ដ៏ធំល្វឹងល្វើយ។
ភាពប្រណិតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅស្នាក់ និងលំហែរកាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹកសមុទ្រដ៏ខៀវស្រងាត់ ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌ នៃសមុទ្រកម្ពុជា។ ហើយបរិយាកាសដ៏ស្ងប់ស្ងាត់នេះ គឺសាកសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មកពីបណ្ដាប្រទេសនៅលើពិភពលោក ដែលចូលចិត្តសមុទ្រ ឆ្នេរខ្សាច់ ព្រៃឈើ និងជីវចម្រុះ ដែលរស់នៅក្នុងសមុទ្រជាដើម។
ដោយមានសក្ដានុពល នៃវិស័យទេសចរណ៍នេះហើយ ទើបបច្ចុប្បន្នកោះទទឹង ទទួលបានការវិនិយោគឲ្យមានជារីស្សត (កោះទទឹងរីស្សត) ជាមួយនឹងមានវីឡាស្នាក់នៅ ភោជនីយដ្ឋាន ហើយនៅទីតាំងឆ្នេរឯណោះវិញភ្ញៀវទេសចរអាចបរិភោគអាហារភេសជ្ជៈ គយគន់ពន្លឺព្រះអាទិត្យរះឡើងពីទិសបូព៌ា ខណៈតំបន់ទេសចរណ៍ថ្មី នៅលើទឹកដីនៃខេត្តកោះកុងមួយនេះ ក៏ត្រៀមរង់ចាំទទួលភ្ញៀវទេសចរទៅសម្រាកលម្ហែរកាយ នៅរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ












