រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថា សហរដ្ឋអាមេរិកអាចនឹងដកចេញទណ្ឌកម្មក្នុងពេលឆាប់ៗនេះលើប្រេងអ៊ីរ៉ង់ដែលជាប់គាំងនៅក្នុងនាវាដឹកប្រេង ដើម្បីជួយដល់ការផ្គត់ផ្គង់សកល និងកាត់បន្ថយតម្លៃប្រេង។

លោក Bessent បាននិយាយថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងអាចដកទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ដែលកំពុងស្ថិតនៅលើសមុទ្រ។ វាមានប្រហែល១៤០លានបារ៉ែល»។ លោក Bessent បាននិយាយថា ការបន្ថែមប្រេងអ៊ីរ៉ង់ដែលត្រូវបានដាក់ទណ្ឌកម្មចូលទៅក្នុងការផ្គត់ផ្គង់សកលនឹងជួយដល់តម្លៃប្រេងឱ្យធ្លាក់ចុះសម្រាប់រយៈពេល១០ ទៅ១៤ ថ្ងៃខាងមុខ។

តម្លៃប្រេងបានហក់ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉ែលសម្រាប់រយៈពេលពីរសប្តាហ៍កន្លងទៅនេះ ខណៈអ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូន និងបានវាយប្រហារនាវាដឹកប្រេង។ កាលពីពេលថ្មីៗនេះ ក្រសួងរតនាគារបានចាត់វិធានការស្រដៀងគ្នានេះ ដើម្បីអនុញ្ញាតជាបណ្តោះអាសន្នឱ្យមានការលក់ប្រេងរុស្ស៊ីនៅលើនាវាដឹកប្រេងជាប់ទណ្ឌកម្ម ដែលលោក Bessent បាននិយាយថា បានបន្ថែមប្រហែល១៣០លានបារ៉ែលទៅក្នុងការផ្គត់ផ្គង់សកល។ ប្រភពព័ត៌មានមួយដែលដឹងអំពីផែនការរបស់ក្រសួងរតនាគារបាននិយាយថា ប្រសិនបើរដ្ឋបាលលោក Trump បន្ធូរបន្ថយទណ្ឌកម្មលើប្រេងអ៊ីរ៉ង់ ជម្រើសមួយនឹងជាការលើកលែងស្រដៀងគ្នាទៅនឹងការលើកលែងដែលត្រូវបានប្រើប្រាស់សម្រាប់ប្រេងរុស្ស៊ី អនុញ្ញាតឱ្យមានការលក់ប្រេងឆៅជាប់គាំងនៅលើសមុទ្រ។
លោក Bessent បាននិយាយថា សហរដ្ឋអាមេរិកនឹងចាត់វិធានការផ្សេងទៀតដើម្បីបង្កើនការផ្គត់ផ្គង់ប្រេង រួមទាំងការបញ្ចេញស្តុកប្រេងជាឯកតោភាគីពីប្រេងបម្រុងយុទ្ធសាស្ត្រ លើសពីការបញ្ចេញប្រេងរួមគ្នារបស់ប្រទេស G7 ចំនួន ៤០០ លានបារ៉ែល កាលពីសប្តាហ៍មុន។