សារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) ដោយស្រង់សម្ដីអ្នកវិភាគថា ប្រសិនបើសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ បញ្ចប់នៅថ្ងៃស្អែក ការសន្និដ្ឋានមួយគឺច្បាស់ណាស់ថា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នឹងកាន់តែមានអំណាចខ្លាំងជាងមុន ខណៈលោកប្រធានាធិបតីអាមេរិក Donald Trump នឹងត្រូវឈឺក្បាលក្នុងការដោះស្រាយផលប៉ះពាល់ក្នុងទីផ្សារពិភពលោក ហើយសម្ព័ន្ធមិត្តឈូងសមុទ្រ ជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុត។

អ្នកវិភាគនិយាយថា សម្រាប់លោក Netanyahu សង្គ្រាមនេះគូសផែនទីនយោបាយអ៊ីស្រាអែលឡើងវិញតាមលក្ខខណ្ឌរបស់លោក ដោយបង្វែរការយកចិត្តទុកដាក់ចេញពីហ្កាហ្សា ទៅរកអ៊ីរ៉ង់វិញ ដែលនាំឱ្យមានឯកភាពជាតិខ្លាំងបំផុត ហើយកេរ្តិ៍ឈ្មោះផ្នែកសន្តិសុខ និងសេដ្ឋកិច្ចរបស់លោកក៏មានការគាំទ្រខ្លាំង។ ចំពោះលោក Trump វិញ ជម្លោះនេះមានលទ្ធផលផ្ទុយស្រឡះ៖ គឺការជាប់ផុងក្នុងជម្លោះដែលគ្មានច្រកចេញច្បាស់លាស់ ការធ្វើឱ្យសម្ព័ន្ធមិត្តអារ៉ាប់នៅឈូងសមុទ្រប្រឈមហានិភ័យកាន់តែខ្លាំង និងបំផ្លាញទិដ្ឋភាពសេដ្ឋកិច្ច ដែលធ្លាប់ជាកម្លាំងរុញច្រានឱ្យលោកវិលទៅកាន់តំណែងវិញ។

លោក Aaron David Miller អតីតអ្នកចរចាមជ្ឈិមបូព៌ារបស់អាមេរិក បានលើកឡើងថា៖ «មានអ្នកឈ្នះនិងអ្នកចាញ់យ៉ាងច្បាស់ក្នុងបញ្ហានេះ។ លោក Netanyahu គឺជាអ្នកឈ្នះដ៏សំខាន់បំផុត រីឯបណ្តាប្រទេសឈូងសមុទ្រ គឺជាអ្នកចាញ់ដ៏ធំបំផុត»។ លោក Miller បានបន្តថា សម្រាប់លោក Trump វិញគឺគ្មានច្រកចេញណាមួយដែលអនុញ្ញាតឱ្យលោកប្រកាសជ័យជម្នះ ហើយដើរចេញបានស្រួលនោះទេ។

អ្នកជំនាញខាងបញ្ហាអ៊ីរ៉ង់ផ្សេងទៀតនិយាយថា លោក Trump ដែលទាមទារឱ្យអ៊ីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ធ្លាប់រំពឹងថា នឹងរកឃើញអ្នកសម្របសម្រួលអំណាចរបស់អ៊ីរ៉ង់ម្នាក់ ដែលមានជំហរទន់ភ្លន់ដូចលោកស្រី Delcy Rodríguez របស់វ៉េណេស៊ុយអេឡា ប៉ុន្តែផ្ទុយទៅវិញ លោកបែរជា «ជួប គីម ជុងអ៊ុន របស់អ៊ីរ៉ង់ទៅវិញ» ដោយសំដៅលើគំរូបុគ្គលដែលមិនចេះចុះញ៉មរបស់កូរ៉េខាងជើង។ អ្នកជំនាញនិយាយទៀតថា ខុសពីអាមេរិក សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ត្រូវបានមជ្ឈដ្ឋានអ៊ីស្រាអែលមើលឃើញថា មិនមែនជាសង្គ្រាមដែលគេជ្រើសរើសធ្វើនោះទេ ប៉ុន្តែគឺជាសង្គ្រាមដែលចាំបាច់បំផុត៕