យោធារបស់ប្រទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ថា យន្តហោះម្បាំងរបស់ខ្លួនបានវាយប្រហារនាវាកងទ័ពជើងទឹករបស់អ៊ីរ៉ង់ជាច្រើនគ្រឿងនៅសមុទ្រកាសព្យែន កាលពីថ្ងៃមុន រួមទាំងនាវាបំពាក់មីស៊ីលប្រឆាំងនាវាមុជទឹក ផងដែរ។

យោធាបាននិយាយថា គោលដៅជាច្រើន រួមមានទាំងនាវាបំពាក់ប្រព័ន្ធមីស៊ីល នាវាគាំទ្រ នាវាល្បាត និងមជ្ឈមណ្ឌលទីបញ្ជាការកំពង់ផែក៏ត្រូវបានវាយប្រហារនៅក្នុងប្រតិបត្តិការនេះផងដែរ។ នាវាអ៊ីរ៉ង់ដែលត្រូវបានដាក់គោលដៅត្រូវបានបំពាក់ដោយប្រព័ន្ធឃ្លាំមើលតាមអាកាស និងមីស៊ីលប្រឆាំងនាវាមុជទឹក។
យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «វាគឺជាការវាយប្រហារធំបំផុតមួយធ្វើឡើងដោយកងកម្លាំងការពារអ៊ីស្រាអែល(IDF) ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការតោក្រហឹម(Roaring Lion»។

អ្នកនាំពាក្យយោធា លោក Nadav Shoshani បានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកមួយថា «យើងបានធ្វើការវាយប្រហារនៅភាគខាងជើងប្រទេសអ៊ីរ៉ង់នៅសមុទ្រកាសព្យែនជាលើកដំបូង»។ លោកនិយាយថា «នេះជាលើកដំបូងហើយ ដែលយើងបានធ្វើបែបនេះក្នុងប្រវត្តិសាស្ត្ររបស់យើង ដែលយើងអាចកំណត់គោលដៅលើទីតាំងផលិតនិងថែទាំនាវាកងទ័ពជើងទឹករបស់ពួកគេ ជាកន្លែងដែលពួកគេអាចជួសជុល ឬផលិតនាវាថ្មី» ហើយ អ៊ីស្រាអែលបានវាយប្រហារគោលដៅជាង ២០០ គោលដៅនៅទូទាំងប្រទេសអ៊ីរ៉ង់ក្នុងរយៈពេល ៣៦ ម៉ោងកន្លងទៅនេះ។