ប្រទេសឥណ្ឌា បានថ្កោលទោសការវាយប្រហារលើរោងចក្រថាមពលនៅឈូងសមុទ្រថា «មិនអាចទទួលយកបានទេ» ដោយព្រមានថា វាប្រឈមនឹងហានិភ័យនៃការធ្វើឱ្យលំហូរថាមពលសកលកាន់តែអាក្រក់។ អ៊ីរ៉ង់ បានវាយប្រហាររោងចក្រឧស្ម័នធម្មជាតិរាវ (LNG) ធំបំផុតរបស់ពិភពលោកនៅប្រទេសកាតាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើវាលឧស្ម័ន South Pars របស់ខ្លួន។

ការវាយប្រហារលើរោងចក្រ Ras Laffan របស់ប្រទេសកាតា បានបង្កឱ្យមានការព្រួយបារម្ភអំពីការរំខានកាន់តែទូលំទូលាយចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ រួមទាំងសម្រាប់ប្រទេសឥណ្ឌាដែលពឹងផ្អែកលើប្រទេសកាតាសម្រាប់តម្រូវការឧស្ម័នធម្មជាតិរាវ(LNG) ជាង៤០ភាគរយរបស់ខ្លួន ដែលសំខាន់សម្រាប់ការផលិតថាមពល ឧស្សាហកម្ម ការផលិតជី និងការចម្អិនអាហារក្នុងគ្រួសារ។

ក្រសួងការបរទេសឥណ្ឌានិយាយថា ការវាយប្រហារចុងក្រោយនេះ «មិនអាចទទួលយកបានទេ ហើយចាំបាច់ត្រូវតែបញ្ឈប់» ដោយបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់ទីក្រុងញូវដែលីឱ្យបញ្ចៀសការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ ក្រសួងការបរទេសឥណ្ឌាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ការវាយប្រហារកាលពីពេលថ្មីៗលើរោងចក្រថាមពលនៅទីតាំងផ្សេងៗគ្នានៅទូទាំងតំបន់ គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ហើយសម្រាប់ពិភពលោកទាំងមូលកាន់តែអស្ថិរភាព»។ ដោយសារការដឹកជញ្ជូនឧស្ម័នត្រូវបានកាត់បន្ថយរួចហើយ ទីក្រុងញូវដែលី មានការព្រួយបារម្ភចំពោះកង្វះការផ្គត់ផ្គង់ថ្មី ការកើនឡើងតម្លៃប្រេង និងភាពតានតឹងសេដ្ឋកិច្ចកាន់តែជ្រៅនៅទូទាំងវិស័យដែលពឹងផ្អែកលើការនាំចូលជាប្រចាំ។ ប្រទេសកាតា គឺជាប្រទេសផលិតឧស្ម័នធម្មជាតិរាវ(LNG) កំពូលមួយរបស់ពិភពលោក រួមជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងរុស្ស៊ី។
នាវារងបស់ប្រទេសឥណ្ឌាចំនួន ២២ គ្រឿងដែលមាននាវិកជាង ៦០០ នាក់ បានជាប់គាំងនៅក្នុងឈូងសមុទ្រ ខណៈច្រករបៀងថាមពលដ៏សំខាន់មួយនៅតែត្រូវបានរំខាន។