អង្គភាពសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅក្នុងដែនដីហ្កាហ្សា (COGAT) របស់ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ១៩មីនាសប្ដាហ៍នេះថា ច្រកឆ្លងកាត់រ៉ាហ្វា(Rafah )រវាងភាគខាងត្បូងហ្កាហ្សា និងអេហ្ស៊ីប ត្រូវបានបើកឡើងវិញនៅក្នុងទិសដៅទាំងទៅទាំងមក។

ច្រកឆ្លងកាត់ Rafah ដែលតភ្ជាប់តំបន់ហ្កាហ្សាស្ទ្រីបជាមួយអេហ្ស៊ីប បានបើកឡើងវិញជាលើកដំបូងចាប់តាំងពីអ៊ីស្រាអែលបានបិទកាលពីខែកុម្ភៈ២០២៦ តែយ៉ាងណាការបើកឡើងវិញធ្វើឡើងក្រោមការរឹតត្បិតដដែល។
អ្នកនាំពាក្យរបស់អង្គភាព COGAT បានប្រាប់សារព័ត៌មានជ្វីហ្វ JNSថា ការសម្រេចចិត្តបើកច្រកឆ្លងកាត់ឡើងវិញ ដែលត្រូវបានបិទចាប់តាំងពីការចាប់ផ្តើម "ប្រតិបត្តិការតោគ្រហឹម" “Operation Roaring Lion” ប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយអេហ្ស៊ីប ។
សកម្មភាពនេះ បានកើតឡើងបន្ទាប់ពីមានសម្ពាធពីរដ្ឋបាលលោក Trump នេះបើយោងតាមសារព័ត៌មាន Ynet របស់អ៊ីស្រាអែល។
ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ ជាមួយក្រុមភេរវករហាម៉ាស ទីក្រុងហ្សេរូសាឡឹម បានយល់ព្រមបើកច្រកឆ្លងកាត់រ៉ាហ្វាឡើងវិញសម្រាប់ការឆ្លងកាត់របស់ជនស៊ីវិល នៅក្នុងទិសដៅទាំងពីរ។
ទោះបីមានការបើកឡើងវិញក៏ដោយ អ៊ីស្រាអែល នៅតែបន្តដាក់ការរឹតត្បិត ដោយអនុញ្ញាតឲ្យអ្នកជំងឺមួយចំនួនតូចប៉ុណ្ណោះពីតំបន់ហ្កាហ្សាចូលទៅអេហ្ស៊ីបក្នុងមូលហេតុព្យាបាលជំងឺបន្ទាន់ ខណៈក្បួនរថយន្តពេទ្យបានតម្រង់ជួរដឹកអ្នកជំងឺចាកចេញហ្កាហ្សា៕

