ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែមីនានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល។
ក្នុងជំនួបនេះ លោកស្រី Eleonore បានស្នើសុំ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញទេសចរណ៍ ជូនយុវជននៅខេត្តសៀមរាប ស្របតាមក្របខ័ណ្ឌអាស៊ាន និងក្របខ័ណ្ឌជាតិ។
លោក François Schnoebelen នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល បានថ្លែងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល បានបង្កើតឡើងនៅឆ្នាំ២០០២ និងបានសហការជាមួយក្រសួងទេសចរណ៍ ទទួលការបណ្តុះបណ្តាលជំនាញទេសចរណ៍ជូនសិស្សនិស្សិត និងយុវជននៅខេត្តសៀមរាប ស្របតាមស្ដង់ដារកម្មវិធីរបស់អាស៊ាន ដែលបច្ចុប្បន្នមាន ៣២ជំនាញ ដោយធ្វើយ៉ាងណាឱ្យអ្នកដែលទទួលការបណ្ដុះបណ្ដាលពីសាលានេះ អាចធ្វើចល័តភាពការងារនៅតាមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។
លោក François Schnoebelen បន្តថា បន្ថែមលើការបណ្តុះបណ្តាលជំនាញទេសចរណ៍នេះដែរ សាលាប៉ូលឌុយប្រ៊ូល ក៏បានសហការជាមួយសាលានៃអង្គការអង្គការបណ្តុះបណ្តាល និងវឌ្ឍនភាពកម្ពុជា ផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារបរិស្ថាន អេកូទេសចរណ៍ និងការងារសិល្បៈ និងជំនាញវិជ្ជាជីវៈសិល្បៈសូន្យរូបដែលកិច្ចសហការពីសាកលវិទ្យាល័យល្បីៗនៅតំបន់អឺរ៉ុប។
នៅក្នុងជំនួបនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការគាំទ្រសំណើរកិច្ចសហការពីអង្គការដៃគូទាំងពីរនោះ ហើយតាមរយៈសំណើរការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍នេះដែរ យើងនឹងទទួលបានធនធានមនុស្សល្អៗ ដើម្បីត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិនៅខេត្តសៀមរាបឡើងវិញ ឱ្យបានល្អប្រសើរប្រកបដោយគុណភាព។
ក្នុងជំនួបនេះ ឯកឧត្តម ក៏បានស្នើឱ្យសាលាបន្ថែមការបណ្ដុះបណ្ដាលយុវជនថ្មីៗអោយបានច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មនៅខេត្តសៀមរាប ស្របតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលតាមរយៈផែនការមេនេះ កម្ពុជាមានចក្ខុវិស័យថា នៅឆ្នាំ២០៣០ ខេត្តសៀមរាប នឹងផ្ដល់ឱកាសការងារដល់យុវជនឱ្យបាន ៩០ម៉ឺននាក់ ៕ អត្ថបទ៖ ស៊ុម សុខជា