ប្រទេសអឺរ៉ុបមួយចំនួន និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយបញ្ជាក់ថា ពួកគេនឹងចាត់វិធានការនានាដើម្បីរក្សាស្ថិរភាពទីផ្សារថាមពលដោយការធានាសុវត្ថិភាពច្រកសមុទ្រហ័រមូស រយៈពេលមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវាយប្រហារជាច្រើនលើមណ្ឌលថាមពលក្នុងតំបន់ឈូងសមុទ្រ បានធ្វើឱ្យតម្លៃប្រេង និងឧស្ម័នហក់ឡើងខ្ពស់ ស្របពេលសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។

បណ្ដាមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ (១៩ មីនា) ដោយបង្ហាញពី «ការត្រៀមខ្លួនក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងដ៏សមស្រប ដើម្បីធានាឱ្យបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស»។ មេដឹកនាំទាំងនោះមិនបញ្ជាក់លម្អិតឡើយថា តើកិច្ចប្រឹងប្រែងរួមមានអ្វីខ្លះ ប៉ុន្តែបានជំរុញឱ្យ «ផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងប្រព័ន្ធប្រេង និងឧស្ម័នជាបន្ទាន់»។

សេចក្តីថ្លែងការណ៍បន្តថា បណ្តាប្រទេសទាំងនោះថ្កោលទោសចំពោះការបិទច្រកសមុទ្រហ័រមូស ពីសំណាក់កម្លាំងទ័ពអ៊ីរ៉ង់ ដោយអំពាវនាវឱ្យអ៊ីរ៉ង់ «បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែង ការដាក់មីន ការវាយប្រហារដោយដ្រូន និងមីស៊ីល ក៏ដូចជាការប៉ុនប៉ងផ្សេងទៀតដើម្បីរារាំងច្រកសមុទ្រនេះ ចំពោះនាវាដឹកជញ្ជូនពាណិជ្ជកម្ម»។

សេចក្ដីប្រកាសនេះ បានកើតឡើងបន្ទាប់ពីភាពស្ទាក់ស្ទើរមួយរយៈ ដែលក្នុងនោះ មេដឹកនាំអឺរ៉ុបបានបដិសេធការទាមទាររបស់អាមេរិក ដែលស្នើឱ្យជួយធានាសេរីភាពនាវាចរណ៍ក្នុងចំណុចយុទ្ធសាស្រ្តដ៏តូចចង្អៀតនៃផ្លូវប្រេងដ៏សំខាន់របស់តំបន់ឈូងសមុទ្រ តាមរយៈការដាក់ពង្រាយនាវាចម្បាំងជាផ្នែកនៃសម្ព័ន្ធភាពកងទ័ពជើងទឹក៕