តម្លៃប្រេងបានធ្លាក់ចុះបន្តិចមកវិញនៅថ្ងៃសុក្រ ទី២០ ខែមីនានេះ ខណៈបណ្តាប្រទេសឈានមុខគេនៅអឺរ៉ុប និងជប៉ុន បានសម្រេចចិត្តផ្តល់ការចូលរួមរបស់ពួកគេក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពការធ្វើដំណើររបស់នាវាឆ្លងកាត់ច្រកសមុទ្រហ័រមូសដ៏សំខាន់ ហើយសហរដ្ឋអាមេរិក ក៏បានបង្ហាញពីវិធានការនានាដើម្បីជំរុញការផ្គត់ផ្គង់ប្រេងជាសកល។

ក្នុងគោលបំណងទប់ស្កាត់ការហក់ឡើងខ្លាំងនៃតម្លៃប្រេង រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមេរិក អាចនឹងដកទណ្ឌកម្មលើប្រេងរបស់អ៊ីរ៉ង់ ដែលជាប់គាំងនៅលើនាវាដឹកប្រេង ក្នុងពេលឆាប់ៗនេះ ហើយលោកក៏បានលើកឡើងផងដែរថា ការបញ្ចេញប្រេងឆៅបន្ថែមទៀតពីទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក គឺជាអ្វីដែលអាចទៅរួច។

តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,២៤ ដុល្លារ ឬ ១,១% មកនៅត្រឹម ១០៧,៤១ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល ០១:៤៨នាទីយប់ ឈានចូលថ្ងៃសុក្រនេះ ខណៈដែលប្រេងឆៅ WTI របស់អាមេរិក បានធ្លាក់ចុះ ១,២៤ ដុល្លារ ឬ ១,៣% មកនៅត្រឹមតម្លៃ ៩៤,៩០ ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការស្ទាក់ស្ទើរកាលពីមុនមក សម្ព័ន្ធមិត្តអាមេរិកនានា រួមមានចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងជប៉ុន បានបង្ហាញពី «ការត្រៀមខ្លួនរបស់ពួកគេក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងយ៉ាងសមស្រប ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស» ដែលជាច្រកឆ្លងកាត់ក្នុងអត្រាដល់ទៅ ២០% នៃប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) របស់ពិភពលោក៕