នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បានបាត់បង់សមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងផលិតមីស៊ីលរបស់ខ្លួន។

លោក Netanyahu បាននិយាយថា ទាំងនេះគឺជាគោលដៅពីរក្នុងចំណោមគោលដៅទាំងបីនៃការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ ហើយគោលដៅទីបី គឺការផ្តួលរំលំរបបនេះ ហើយឥឡូវនេះអាស្រ័យលើប្រជាជនអ៊ីរ៉ង់។

មេដឹកនាំអ៊ីស្រាអែលរូបនេះនិយាយថា បដិវត្តន៍មិនកើតឡើងពីលើអាកាសទេ ហើយមានជម្រើសលើដីជាច្រើនដែលលោកនឹងមិនបង្ហាញ។
ទាក់ទងនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងឧស្ម័នធម្មជាតិរបស់អ៊ីរ៉ង់នៅឈូងសមុទ្រពែក្សកាលពីថ្ងៃពុធសប្ដាហ៍នេះដែរ លោក Netanyahu បានបញ្ជាក់ពីការអត្ថាធិប្បាយនាពេលថ្មីៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា អ៊ីស្រាអែលពុំបានជូនដំណឹងដល់សហរដ្ឋអាមេរិកមុនពេលវាយប្រហារនោះទេ។ លោកថាអ៊ីស្រាអែលធ្វើតែម្នាក់ឯងប៉ុណ្ណោះ ។

លោក Netanyahu ថា ប្រធានាធិបតី Trump បានស្នើសុំឱ្យពួកលោកផ្អាកការវាយប្រហារនាពេល លើថាមពលរបស់អ៊ីរ៉ង់ ហើយពួកលោកកំពុងផ្អាក។
លោកក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលរួមគ្នាបានបំផ្លាញកងនាវាចរទាំងស្រុងរបស់អ៊ីរ៉ង់នៅក្នុងសមុទ្រ កាសព្យែន (Caspian Sea) ៕