ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោក ឡៅ វណ្ណា អាយុ ៥០ឆ្នាំ ដែលបានទទួលមរណភាពដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១កន្លងទៅ ដែលនេះជាករណីស្លាប់លើកទី១នៅកម្ពុជា។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បាននាំនូវសាររំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ ឯកឧត្តមវេជ្ជបណ្ឌិត បានលើកទឹកចិត្តដល់ភរិយានៃសព ត្រូវមានស្មារតីរឹងប៉ឹង ខិតខំតស៊ូដើម្បីជីវភាពគ្រួសារ និងអនាគតរបស់កូនៗ។ ទន្ទឹមនឹងនេះ សូមក្មួយៗជាកូនត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីអនាគតភ្លឺស្វាង និងត្រូវធ្វើខ្លួនជាកូនល្អ មិត្តល្អ ពលរដ្ឋល្អនៅក្នុងសង្គម។ បន្ថែមពីនេះ សូមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការបន្តធ្វើចត្តាឡីស័ក និងយកសំណាកឱ្យបានត្រឹមត្រូវតាមការកំណត់របស់គ្រូពេទ្យ ជាពិសេសអនុវត្ត ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
សូមបញ្ជាក់ថា ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភអង្ករ ១០០គីឡូក្រាម, មី៥កេស, ត្រីខ៥០កំប៉ុង, ទឹកក្រូច៥កេស និងថវិកាចំនួន ៥លានរៀល៕ អត្ថបទ៖ សំ ងីម



