អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ១៩មីនាសប្ដាហ៍នេះថា ខ្លួននឹងវាយប្រហារសងសឹកកាន់តែធ្ងន់ធ្ងរ ប្រសិនបើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលវាយប្រហាររោងចក្រថាមពលរបស់ខ្លួនម្តងទៀត។

លោក Ebrahim Zolfaghari អ្នកនាំពាក្យរបស់ទីស្នាក់ការកណ្តាល Khatam al-Anbiya របស់អ៊ីរ៉ង់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយសារព័ត៌មាន Sepah News របស់កងឆ្មាំបដិវត្តន៍អ៊ីស្លាមថា ទីក្រុងតេអេរ៉ង់មិនបានស្វែងរកការពង្រីកជម្លោះទៅកាន់ហេដ្ឋារចនាសម្ព័ន្ធប្រេង ឬធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រដ្ឋជិតខាងជាមិត្តនោះទេ។
លោកបន្ថែមថា បន្ទាប់ពីការឈ្លានពានរបស់សត្រូវប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ ពួកលោកបានចូលដល់ដំណាក់កាលថ្មីនៃសង្គ្រាមហើយ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានរាយការណ៍ថា លោក Zolfaghari បាននិយាយថា ការឆ្លើយតបរបស់អ៊ីរ៉ង់នៅតែបន្ត ហើយបានព្រមានថា ការវាយប្រហារបន្ថែមទៀតនឹងត្រូវបានឆ្លើយតបវិញកាន់តែខ្លាំងក្លា ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ពួកគេ ។
កាលពីថ្ងៃពុធ អ៊ីស្រាអែលបានវាយប្រហារទីតាំងឧស្ម័នធម្មជាតិនៅនាយសមុទ្រ South Pars របស់អ៊ីរ៉ង់នៅក្នុងឈូងសមុទ្រ ដែលខ្លួនចែករំលែកជាមួយកាតា។
ក្រោយមក កាតាបានរាយការណ៍ពីអគ្គិភ័យ និងការខូចខាតយ៉ាងទូលំទូលាយនៅរោងចក្រឧស្ម័នធម្មជាតិរាវ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់។

កាតា អារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម សុទ្ធតែបានថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលថា ការវាយប្រហារនេះមានន័យថា ការទុកចិត្តតិចតួចដែលធ្លាប់មាន ត្រូវបានបំផ្លាញទាំងស្រុង៕