មន្ត្រីជំនាញបានបញ្ជាក់ថា អំបិលឆ្នាំនេះមានតម្រូវការ និងទីផ្សារល្អ ប៉ុន្តែ២ខែដើមឆ្នាំ២០២៦នេះ ខេត្តកែប ផលិតអំបិលទើបបានរង្វង់២០០០តោនប៉ុណ្ណោះ ដោយសារអាកាសធាតុមិនអំណោយផល។ ប៉ុន្តែយ៉ាងណាក៏ដោយ មន្ត្រីជំនាញបានអះអាងថា បើអាកាសធាតុក្តៅ គ្មានភ្លៀងកក់ខែដូចសព្វថ្ងៃ បន្តអូសបន្លាយដល់ខែ៥ នោះទិន្នផលអំបិលឆ្នាំនេះ នឹងកើនជាងឆ្នាំមុន។
ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ ខេត្តកែប លោក ភោគ សុខេន បានប្រាប់ឲ្យដឹងថា នៅក្នុងបរិបទនៃការបិទព្រំដែន និងនាំចូលរួមគាំទ្រ និងលើកកម្ពស់ផលិតផលក្នុងស្រុក តម្លៃអំបិលមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ដោយអំបិលលេខ១ ក្នុង១បេ លក់បានតម្លៃចន្លោះ២០,០០០រៀល-២៥,០០០រៀល លេខ២ ចន្លោះ ១៥,៥០០-១៩,៥០០រៀល និងលេខ៣ ចន្លោះ ១៣,៥០០-១៥,០០០រៀល។ ប៉ុន្តែដោយសារកត្តាអាកាសធាតុ អំបិលខេត្តកែបទើបផលិតបានរង្វង់២ពាន់តោនប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយ បើអាកាសធាតុនៅខែមេសា និងឧសភាអំណោផលដូចសព្វថ្ងៃនេះ ទិន្នផលអំបិលខេត្តកែបនឹងកើនឡើងជាងឆ្នាំមុន។
មន្ត្រីជំនាញបានបញ្ជាក់ថា ការកើនឡើងនៃតម្លៃអំបិល គឺជាឱកាសល្អសម្រាប់ជំរុញឱ្យម្ចាស់ស្រែដែលធ្លាប់បោះបង់ ឬផ្អាកការផលិត អាចវិលត្រឡប់មកចាប់ផ្តើមផលិតអំបិលឡើងវិញនៅឆ្នាំក្រោយៗទៀត។
គួបញ្ជាក់ថា ឆ្នាំ២០២៦នេះ ខេត្តកែបមានទីតាំងកំពុងផលិតអំបិលចំនួន០៤ទីតាំងធំៗ លើផ្ទៃដីផលិត ២៩៤ហិកតា នៅក្នុងចំណោមផ្ទៃដីស្រែអំបិលសរុបជិត៥០០ហិកតា៕







