ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដែលបានឆាប់ឆេះរោងចក្រគ្រឿងបង្គុំរថយន្តនៅទីក្រុង Daejeon របស់កូរ៉េខាងត្បូងនាថ្ងៃសុក្រនេះ ។

ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថា មនុស្ស ៥០នាក់ បានរងរបួស ក្នុងនោះមនុស្ស ៣៥នាក់ រងរបួសធ្ងន់ នៅក្នុងហេតុការណ៍អគ្គិភ័យនេះ ។ រូបភាពវីដេអូឃ្លីបពីទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិ ឃើញសំណុំផ្សែងពណ៌ខ្មៅដ៏ធំផុសលើអាកាស ។

ទីភ្នាក់ងារ Yonhap រាយការណ៍ថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យប្រហែល ២៤០នាក់ ត្រូវបានបញ្ជូនឲ្យទៅពន្លត់អគ្គិភ័យ ហើយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Kim Min-seok បានបញ្ជាថា អាទិភាពកំពូលត្រូវតែជួយសង្រ្គោះអាយុជីវិតមនុស្ស ។
ដោយឡែក អ្នកនាំពាក្យទីភ្នាក់ងារពន្លត់អគ្គិភ័យជាតិកូរ៉េខាងត្បូង ពុំអាចទាក់ទងតាមទូរស័ព្ទ ដើម្បីសុំសេចក្តីអត្ថាធិប្បាយភ្លាមៗបាននោះទេ ៕