ក្រុមហ៊ុន Anduril Industries របស់សហរដ្ឋអាមេរិក កំពុងត្រៀមខ្លួនចាប់ផ្តើមផលិតយានដ្រូនប្រយុទ្ធល្បឿនលឿន FURY របស់ខ្លួននៅរោងចក្រថ្មី ស្ថិតក្នុងរដ្ឋ Ohio ស្របពេលដែលតម្រូវការយន្តហោះស្វ័យប្រវត្តិ កើនឡើងខ្ពស់ ។
ថ្លែងនៅក្នុងរោងចក្រផលិតប្រព័ន្ធស្វ័យប្រវត្តិ Arsenal-1 តម្លៃ ១ពាន់លានដុល្លារ ស្ថិតក្នុងទីក្រុង Ashville រដ្ឋ Ohio អនុប្រធានជាន់ខ្ពស់ផ្នែកផលិតកម្ម លោក Keith Flynn និយាយថា ជម្លោះសម័យទំនើប នាំឲ្យមានការកើនឡើងហួសប្រមាណ ក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់លើការរួមបញ្ចូលកម្មវិធី Software និង Hardware ដើម្បីចែកចាយប្រព័ន្ធក្នុងទំហំខ្ពស់ជាងក្រុមហ៊ុនជាប់កិច្ចសន្យាការពារជាតិធម្មតា ។

ក្រុមហ៊ុន Anduril ស្ថិតក្នុងចំណោមក្រុមហ៊ុនការពារជាតិខ្នាតតូចថ្មីតែរីកចម្រើន សង្ឃឹមថានឹងទទួលបានកិច្ចសន្យាថ្លៃៗរបស់មន្ទីរបច្ចកោណ សម្រាប់អាវុធជំនាន់ក្រោយ ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump សង្ឃឹមថា ក្រុមហ៊ុនថ្មីៗ នឹងជួយបង្កើនការផលិតអាវុធ តាមរយៈការចែកចាយបច្ចេកវិទ្យាទំនើបលឿនជាងមុន ហើយនិងមានតម្លៃទាប ។
ការផលិតយានដ្រូន FURY របស់ក្រុមហ៊ុន Anduril នឹងក្លាយជាការផលិតលើកដំបូងនៅក្នុងរោងចក្រថ្មីរបស់ពួកគេ ។
សូមបញ្ជាក់ថា យានដ្រូន FURY គឺជាយន្តហោះស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Anduril សម្រាប់កម្មវិធីយន្តហោះប្រយុទ្ធសហការ ដែលជាផ្នែកមួយនៃកម្មវិធីកងទ័ពអាកាស និងជាប្រព័ន្ធគ្រួសារជំនាន់ក្រោយដែលនឹងហោះហើរជាមួយអ្នកបើកយន្តហោះ ៕
