ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជិតខាងលីទុយអានី និយាយថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បានដោះលែងឲ្យមានសេរីភាពនូវអ្នកទោសនយោបាយ ២៥០នាក់បន្ថែមទៀត ដែលជាការដោះលែងអ្នកទោសច្រើននបំផុត មកទល់នឹងពេលនេះ ជាការដោះដូរនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។
ការដោះលែងនេះ គឺជាផ្នែកមួយនៃដំណើរការចរចាដែលលោក Lukashenko ព្យាយាមធ្វើឲ្យមានទំនាក់ទំនងធម្មតាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយភាពឯកា និងទណ្ឌកម្មអស់រយៈពេលជាច្រើនឆ្នាំ ជាការដោះដូរនឹងការបន្ធូរបន្ថយការគាបសង្កត់នៅក្នុងអតីតរដ្ឋសហភាពសូវៀតមួយនេះ ដែលរូបលោកបានដឹកនាំចាប់តាំងពីឆ្នាំ ១៩៩៤រហូតមក ។

ក្រុមអ្នកបង្កើតគេហទំព័រ ក្រុមសកម្មជន ក្រុមអ្នកសារព័ត៌មាន និងក្រុមបាតុករ ស្ថិតនៅក្នុងចំណោមអ្នកត្រូវបានដោះលែង ក្រោយជំនួបនៅក្នុងរដ្ឋធានី Minsk របស់បេឡារុស រវាងលោក Lukashenko និងលោក John Coale ដែលជាប្រេសិតរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ។
លោក Coale ជាប់ការងារប្រគល់ជូនដោយលោកប្រធានាធិបតី Donald Trump ដើម្បីព្យាយាមដោះលែងអ្វីដែលក្រុមសិទ្ធិមនុស្សនិយាយថា ពលរដ្ឋបេឡារុសជាង ១.១០០នាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដោយសារសកម្មភាពនយោបាយ ឬសកម្មភាពសិទ្ធិមនុស្សរបស់ពួកគេ ។
កិច្ចពិភាក្សាលើកមុនរវាងលោក Coale និងលោក Lukashenko នាំឲ្យមានការដោះលែងអ្នកទោសនយោបាយរាប់សិបនាក់ កាលពីខែកញ្ញាឆ្នាំមុន ហើយនិងអ្នកទោសនយោបាយ ១២៣នាក់បន្ថែមទៀត កាលពីខែធ្នូរ ដែលរួមទាំងម្ចាស់ជ័យលាភីណូបែលសន្តិភាពលោក Ales Bialiatski និងអ្នកនយោបាយប្រឆាំងអ្នកស្រី Maria Kalesnikava និងលោក Viktar Babaryka ៕
