រដ្ឋាភិបាលម៉ាឡាវីនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សយ៉ាងហោច ១៣នាក់ បានស្លាប់ ក្រោយរយៈពេល ៤ថ្ងៃនៃភ្លៀងធ្លាក់ និងទឹកជំនន់ នៅទូទាំងតំបន់ភាគខាងត្បូងប្រទេសនៅអាហ្វ្រិកមួយនេះ ។
ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡាវី និយាយថា ពួកគេទទួលបានសេចក្តីរាយការណ៍បឋមពីក្រុមប្រឹក្សាចំនួន ១៦ ក្នុងចំណោមក្រុមប្រឹក្សាចំនួន ៣៦របស់ម៉ាឡាវី ថា មនុស្ស ៩.៥៩៨គ្រួសារ បានរងផលប៉ះពាល់មកទល់នឹងពេលនេះ ។ ជំរំជម្លៀសខ្លួនចំនួន ១២កន្លែង ត្រូវបានបង្កើតឡើង នៅតាមក្រុមប្រឹក្សាចំនួន ៦ ហើយការចែកចាយជំនួយទៅកាន់គ្រួសាររងផលប៉ះពាល់ បានចាប់ផ្តើម ។

ក្រសួងបន្តថា ពួកគេកំពុងស្វែងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងជំនួយបច្ចេកទេសពីដៃគូក្នុងស្រុក និងអន្តរជាតិ ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ និងរុករក នៅបន្ត ។
ពួកគេនិយាយទៀតថា សត្វចិញ្ចឹម និងដំណាំ រួមទាំងថ្នាំជក់ ត្រូវបានទឹកហូរនាំយកទៅអស់នៅតាមតំបន់មួយចំនួន ។
សូមបញ្ជាក់ថា ម៉ាឡាវី ស្ថិតក្នុងចំណោមប្រទេសផលិតថ្នាំជក់ធំបំផុតរបស់ពិភពលោក ហើយដំណាំរបស់ពួកគេមួយនេះ គឺជាការនាំចេញដ៏សំខាន់ ៕
