អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់សង្រ្គាម និងអំពាវនាវឲ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួនផងដែរ ។
លោក Guterres និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ក្រោយជំនួបជាមួយក្រុមមេដឹកនាំសហភាពអឺរ៉ុបថា វាដល់ពេលដែលត្រូវបញ្ចប់សង្រ្គាមមួយនេះហើយដែលកំពុងស្ថិតក្នុងហានិភ័យនៃការលែងអាចគ្រប់គ្រងបាន ។

លោកបានអំពាវនាវផងដែរឲ្យបញ្ចប់ការបិទច្រកសមុទ្រ Hormuz ដែលគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក ។
ប្រទេសឈានមុខគេមួយចំនួនរបស់អឺរ៉ុប និងជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយនិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមកិច្ចខិតខំត្រឹមត្រូវ ដើម្បីធានាផ្លូវសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយពួកគេនឹងចាត់វិធានការ ដើម្បីធ្វើឲ្យស្ថិរភាពដល់ទីផ្សារថាមពល ។
សូមបញ្ជាក់ថា មនុស្សជាង ៣ពាន់នាក់ ត្រូវបានគេជឿថា ត្រូវបានសម្លាប់នៅទូទាំងប្រទេសអ៊ីរ៉ង់ រហូតមកដល់ពេលនេះ ហើយមន្ទីរបញ្ចកោណ បញ្ជាក់ថា គោលដៅជាង ១៥.០០០កន្លែង នៅក្នុងប្រទេសមួយនេះ ត្រូវបានវាយប្រហារក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃជម្លោះ ៕
