កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា ខ្លួនបានវាយប្រហារយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ១គ្រឿង នៅលើទឹកដីអ៊ីរ៉ង់ភាគកណ្តាល ខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានសន្យាថា ប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ នឹងអូសបន្លាយយូរទៀត «ដរាបណានៅតែចាំបាច់»។
ជាមួយគ្នានេះ តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែមីនា ឆ្នាំ២០២៦) IRGC បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមជាបន្តបន្ទាប់លើកទី៦៥ នៃប្រតិបត្តិការ True Promise-4 ដោយកំណត់គោលដៅលើរោងចក្រចម្រាញ់ប្រេង នៅទីក្រុង Haifa និង Ashdod ក្នុងប្រទេសអ៊ីស្រាអែល រួមជាមួយនឹងមូលដ្ឋានសន្តិសុខ និងគាំទ្រយោធា នៅក្នុងតំបន់។
IRGC បានឲ្យដឹងទៀតថា មីស៊ីលរបស់ខ្លួន ក៏បានកំណត់គោលដៅផងដែរលើទីតាំងសំខាន់ៗដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក នៅទូទាំងឈូងសមុទ្រ ក្នុងនោះរួមមានទាំងមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត មូលដ្ឋានទ័ពអាកាស Isa នៅបារ៉ែន និងមូលដ្ឋានទ័ពអាកាស Al Dhafra នៅអេមីរ៉ាតអារ៉ាប់រួម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត IRGC បានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់របស់ខ្លួន បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក នៅម៉ោងប្រហែល ២:៥០នាទី (ម៉ោងក្នុងស្រុក) នៅថ្ងៃព្រហស្បតិ៍។ បើទោះបីជាស្ថានភាពយន្តហោះនៅតែស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ ក៏ IRGC បានប្រាប់ថា យន្តហោះនោះទំនងជាធ្លាក់។
ទន្ទឹមនឹងនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងកាលពីយប់ថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយប្រហារគោលដៅជាង ១៣០ទីតាំង នៅភាគខាងលិច និងភាគកណ្តាលអ៊ីរ៉ង់ នៅថ្ងៃកន្លងមកនោះ ក្នុងនោះរួមមានទាំងការបំផ្លាញជើងទម្របាញ់មីស៊ីលបាលីស្ទិក ទីកន្លែងផលិតយានដ្រូន និងប្រព័ន្ធការពារដែនអាកាសផងដែរ។
ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នោះថា អ៊ីរ៉ង់បានបាត់បង់សមត្ថភាពចម្រាញ់អ៊ុយរ៉ានីញ៉ូម និងផលិតមីស៊ីលរបស់ខ្លួន។ ចំពោះរយៈពេលនៃសង្គ្រាមដែលកំពុងបន្តមាននេះ លោក Netanyahu បានបញ្ជាក់ថា វានឹងមានរយៈពេលយូរ «ដរាបណានៅតែចាំបាច់» តែបានបន្ថែមថា វានឹងបញ្ចប់ «លឿនជាងអ្វីដែលមនុស្សគ្រប់គ្នាគិត»៕
