ក្រុមអាជ្ញាធរម៉ិកស៊ិក បានប្រកាសថា ក្រុមឧក្រិដ្ឋជន១១នាក់ ត្រូវបានសម្លាប់ អំឡុងការវាយឆ្មក់ដែលបណ្តាលមានការចាប់ខ្លួនលោក Omar Oswaldo Torres គឺជាមេដឹកនាំបណ្តាញក្រុមមេខ្លោងគ្រឿងញៀន Sinaloa ។ ក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គមកាលពីថ្ងៃព្រហស្បតិ៍កងទ័ពជើងទឹកម៉ិកស៊ិក និយាយថា ការវាយឆ្មក់នេះ បានធ្វើឡើងនៅទីក្រុង Culiacan រដ្ឋSinaloaស្ថិតនៅភាគខាងជើងម៉ិកស៊ិក ។ ពួកគេនិយាយថាកងកម្លាំងរបស់ខ្លួន រងការវាយប្រហារនៅទីតាំងវាយឆ្មក់ ហើយពួកគេបានបាញ់តបតវិញបណ្តាលឲ្យក្រុមឧក្រិដ្ឋជន ១១នាក់ ស្លាប់ ។ អត្តសញ្ញាណរបស់ពួកគេ ពុំត្រូវបានបញ្ចេញជាសាធារណៈនោះទេ។

កងទ័ពជើងទឹកម៉ិកស៊ិកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អាវុធធុនធ្ងន់ និងឧបករណ៍តាក់ទិកជាច្រើនទៀតត្រូវរឹបអូសបាននៅកន្លែងកើតហេតុ ។ ពួកគេបន្តថានារីម្នាក់ដែលត្រូវបានគេបញ្ជាក់ថាជាកូនស្រីរបស់លោក Torres មានវត្តមាននៅទីនោះផងដែរ អំឡុងប្រតិបត្តិការប៉ុន្តែនាងត្រូវបានដោះលែងប្រគល់ជូនគ្រួសារនាងវិញ ដោយសារខ្វះការជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋកម្ម។ លោក Torres ដែលមានរហ័សនាមថា “El Patas” គឺមេដឹកនាំក្រុមគ្រឿងញៀន Los Mayos ដែលជាបណតាញរបស់ក្រុមមេខ្លោងគ្រឿងញៀនSinaloa ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុម LosMayos បានប្រយុទ្ធគ្នាជាមយក្រុមគ្រឿងញៀនមួយទៀតគឺក្រុម Los Chapitos ៕
