ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារយានដ្រូនរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ស្របពេលដែលការជម្លៀសផ្នែកវេជ្ជសាស្រ្តមានចំនួនកំណត់ បានចាប់ផ្តើមឡើងវិញឆ្លងកាត់ច្រកព្រំដែន Rafah ។

គ្រូពេទ្យនៅមន្ទីរពេទ្យ al-Shifa ស្ថិតក្នុងទីក្រុងហ្កាហ្សា និយាយថា មនុស្ស ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយានដ្រូនលើសង្កាត់ Zeitoun ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា ។
ការវាយប្រហារដាច់ដោយឡែកមួយទៀត មនុស្សម្នាក់ ត្រូវបានសម្លាប់ និងមនុស្សម្នាក់ទៀត បានរងរបួស ពេលដែយានដ្រូនធ្លាក់លើហ្វូងមនុស្សនៅតំបន់ភាគខាងកើតទីក្រុងហ្កាហ្សា ស្ថិតនៅក្រៅខ្សែបន្ទាត់លឿង ។
ទោះបីជាយ៉ាងណាក៏ដោយ ចំនួនជនប៉ាឡេស្ទីនរងរបួសពិតប្រាកដនៅក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍ ពុំត្រូវបានគេដឹងច្បាស់នោះទេ ។
ការវាយប្រហារនេះដែរ បានកើតមានឡើង ស្របពេលដែលជនប៉ាឡេស្ទីនរងរបួសដំបូងមានចំនួនកំណត់ ត្រូវបានជម្លៀសចេញពីតំបន់ហ្កាហ្សា កាត់តាមច្រកព្រំដែន Rafah ជាមួយអេហ្ស៊ីប ក្រោយការបិទអស់រយៈពេល ១៩ថ្ងៃដោយអ៊ីស្រាអែល ចាប់តាំងពីពួកគេ ចាប់ផ្តើមទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ។
សូមបញ្ជាក់ថា សង្រ្គាមអ៊ីស្រាអែលលើហ្កាហ្សា បានសម្លាប់មនុស្សជាង ៧២.០០០នាក់ នៅក្នុងចំណោមពួកគេ គឺជាស្រ្តី និងកុមាររាប់ម៉ឺននាក់ ។ ក្រុមស្រាវជ្រាវឯករាជ្យមួយចំនួន ជឿថាចំនួនពិតប្រាកដនៃមនុស្សដែលត្រូវបានសម្លាប់ ខ្ពស់ជាងនេះច្រើន ៕
