ដោយដកស្រង់ប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ សារព័ត៌មាន Axios នៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះ បានរាយការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងពិចារណាលើផែនការកាន់កាប់ ឬបិទខ្ទប់កោះ Kharg របស់អ៊ីរ៉ង់ ជាចំណាត់ដើម្បីដាក់សម្ពាធឲ្យអ៊ីរ៉ង់ព្រមបើកច្រកសមុទ្រ Hormuz ឡើងវិញ។

លោក Trump បានគំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេងនៃមជ្ឈមណ្ឌលកោះ Kharg របស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនឈប់វាយប្រហារនាវា នៅច្រកសមុទ្រ Hormuz ទេនោះ។
កាលពីសប្តាហ៍មុន កងកម្លាំងសហរដ្ឋអាមេរិក បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយប្រកបដោយភាពប្រុងប្រយ័ត្ន លើកោះ Kharg នៅអ៊ីរ៉ង់។
ទីភ្នាក់ងារបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានឲ្យដឹងកាលពីថ្ងៃទី១៤ ខែមីនាថា៖ «កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ជាង ៩០កន្លែង ដោយជោគជ័យ ខណៈពេលដែលកំពុងមិនធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រេង»។
តាមរយៈការបង្ហោះមួយនៅលើបណ្ដាញសង្គម X នាពេលនោះ យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ការវាយប្រហារនេះ បានបំផ្លាញទីតាំងស្តុកមីនរបស់កងទ័ពជើងទឹក លេណដ្ឋានស្តុកមីស៊ីល និងទីតាំងយោធាជាច្រើនទៀត៕
