វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka បានឈានឡើងវគ្គ ៨នាក់ចុងក្រោយហើយនៃព្រឹត្តិការណ៍វាយកូនបាល់ ATP Miami Open ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Alison Riske។ ជើងឯក Grand Slam បួនកម្មវិធី Naomi Osaka ដែលបានធ្លាក់ទៅដល់ចំណាត់ថ្នាក់លេខ ៧៧ ពិភពលោកនោះហាក់មិនមានបញ្ហាឡើយនៅពេលជួប Alison Riske ក្រោយឈ្នះក្នុងលទ្ធផលពីរសិតផ្ទួនៗ ៦-៣ និង ៦-៤។

ជុំបន្តកីឡាការិនីវ័យ ២៤ឆ្នាំជប៉ុនរូបនេះនឹងបន្តជួបជាមួយកីឡាការិនីអាមេរិកមួយរូបទៀត Danielle Collins ដែលបានទំលាក់កីឡាការិនីទុយនេស៊ី Ons Jabeur។ ចំណែកឯកីឡាការិនីប៉ូឡូញ Iga Swiatek ក៏បានឈានទៅជុំបន្តដែរក្រោយជ័យជំនះទៅលើកីឡាការិនីអាមេរិក Coco Gauff។ ជ័យជំនះ ៦-៣ និង ៦-១ លើកីឡាការិនីវ័យ ១៨ឆ្នាំ Coco Gauff គឺជាជ័យជំនះ ១៤ប្រកួតជាប់គ្នាហើយសំរាប់ Iga Swiatek ដែលនឹងឡើងមកកាន់តំណែងលេខ ១ ពិភពលោក បន្ទាប់ពីកីឡាការិនីអូស្ត្រាលី Ashleigh Barty ប្រកាសចូលនិវត្តន៍យ៉ាងភ្ញាក់ផ្អើលក្នុងវ័យត្រឹមតែ ២៥ឆ្នាំ៕
អត្ថបទ៖នាង សុភាវុធ