ប្រទេសស្វីស នៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខ្លួននឹងមិនចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុននាំចេញអាវុធទៅកាន់សហរដ្ឋអាមេរិកនោះទេ ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ លើអ៊ីរ៉ង់ ដោយបានផ្ដល់ហេតុផលពីអព្យាក្រឹតភាពរបស់ប្រទេស។
រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការនាំចេញគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសដែលពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធអន្តរជាតិជាមួយអ៊ីរ៉ង់ មិនអាចត្រូវបានអនុញ្ញាត អំឡុងពេលមានជម្លោះឡើយ»។ ហើយរដ្ឋាភិបាលបានបន្ថែមថា៖ «ការនាំចេញគ្រឿងយុទ្ធោបករណ៍ទៅកាន់សហរដ្ឋអាមេរិក មិនអាចត្រូវបានអនុញ្ញាតឡើយ នាពេលបច្ចុប្បន្ននេះ»។
កាលពីចុងសប្តាហ៍មុន រដ្ឋាភិបាលស្វីសបានឲ្យដឹងថា ខ្លួនបានបដិសេធសំណើហោះហើរចំនួន ២ របស់សហរដ្ឋអាមេរិក លើដែនអាកាសរបស់ខ្លួន សម្រាប់ការហោះហើរសង្គ្រាមដែលទាក់ទងនឹងអ៊ីរ៉ង់ ប៉ុន្តែបានអនុញ្ញាតឲ្យ ៣គ្រឿងផ្សេងទៀតដែលមិនពាក់ព័ន្ធដោយផ្ទាល់នឹងជម្លោះ ដោយលើកឡើងពីច្បាប់អព្យាក្រឹតភាពរបស់ប្រទេសស្វីសផងដែរ។
បន្ទាប់ពីមានការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ស្វីសបានដាក់បម្រាមដល់ការហោះហើរលើដែនអាកាសស្វីស និងការនាំចេញអាវុធទៅកាន់ប្រទេសដែលពាក់ព័ន្ធនឹងសង្គ្រាម តែក្រោយមកបានលុបចោលការហាមឃាត់នោះ។
យ៉ាងណាក្ដី នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលបានបញ្ជាក់ថា ចាប់តាំងពីមានការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ គ្មានអាជ្ញាប័ណ្ណថ្មីណាមួយ ត្រូវបានចេញ សម្រាប់ការនាំចេញគ្រឿងយុទ្ធោបករណ៍ទៅកាន់សហរដ្ឋអាមេរិកឡើយ។ រដ្ឋាភិបាលបានកត់សម្គាល់ថា មិនមានអាជ្ញាប័ណ្ណ សម្រាប់ការនាំចេញឧបករណ៍ធ្វើសង្គ្រាមទៅកាន់អ៊ីស្រាអែល ត្រូវបានផ្តល់ឲ្យអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕