អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់(IRGC)លោក Ali Mohammad Naini ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីយប់កន្លងទៅ ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាការស្លាប់កើនឡើងមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ។
កងឆ្មាំ IRGC និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Naini ដែលជាឧត្តមសេនីយ៍ឯកវ័យ ៦៨ឆ្នាំ ទទួលយកតួនាទីអ្នកនាំពាក្យកងឆ្មាំ IRGC កាលពីឆ្នាំ ២០២៤ បានក្លាយជាទុក្ករបុគ្គលនៅក្នុងការវាយប្រហារភេរវកម្មដ៏កំសាកញីរបស់ភាគីអាមេរិក-អ៊ីស្រាអែល នៅពេលថ្ងៃរះ ។
ការស្លាប់របស់លោក បានកើតមានឡើង រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយលោកបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ជាតិ និយាយយ៉ាងទទួចថា អ៊ីរ៉ង់រក្សាបានសមត្ថភាពពេញលេញ ដើម្បីផលិតមីស៊ីល បើទោះបីជាស្ថិតក្រោមលក្ខខណ្ឌសង្រ្គាមក៏ដោយ ។
លោក Naini និយាយនៅលើកញ្ចក់ទូរទស្សន៍ថា ឧស្សាហកម្មមីស៊ីលរបស់ពួកយើង សមទទួលបានពិន្ទុល្អប្រសើរ ហើយគ្មានក្តីបារម្ភពាក់ព័ន្ធនឹងបញ្ហានេះឡើយ ពីព្រោះថា ក្រោមលក្ខខណ្ឌសង្រ្គាម ពួកយើងបន្តផលិតកម្មមីស៊ីលបានដដែល ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា អ៊ីរ៉ង់លែងមានសមត្ថភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងផលិតមីស៊ីលបានទៀតហើយ ៕