គណបក្សសង្គមប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen កំពុងឆ្ពោះទៅរកការទទួលបានលទ្ធផលខ្សោយបំផុតរបស់ពួកគេ ក្នុងរយៈពេលជាង ១សតវត្សរ៍ នៅក្នុងការបោះឆ្នោតសភា នាសប្តាហ៍ក្រោយ តែលោកស្រីត្រូវបានគេចាត់ទុកថា មានសិទ្ធិខ្ពស់ក្នុងការបានបន្តកាន់អំណាច ក្រោយការបោះឆ្នោតដែលស្ថិតនៅក្រោមស្រមោលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការគ្រប់គ្រងដែនដី Greenland។
ការលើកឡើងម្តងហើយម្តងទៀតរបស់លោក Trump ក្នុងការបញ្ចូលជាដែនដីឧបសម្ព័ន្ធ សម្រាប់កោះ Greenland ដែលជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក បានដាក់បញ្ចូលនូវបញ្ហាភូមិសាស្ត្រនយោបាយដ៏កម្រមួយទៅក្នុងយុទ្ធនាការ មុនការបោះឆ្នោតនាថ្ងៃអង្គារ ទោះបីជាអ្នកបោះឆ្នោត នៅតែផ្តោតសំខាន់លើសុខុមាលភាព វិសមភាព និងការចំណាយលើការរស់នៅក៏ដោយ។
ការស្ទង់មតិបង្ហាញថា លោកស្រី Frederiksen បានទទួលការជំរុញបន្តិចបន្តួច នៅពេលដែលវោហាសាស្ត្រពីដែនដី Greenland របស់លោក Trump មានកាន់តែខ្លាំងឡើង នាដើមឆ្នាំនេះ ជាពិសេសបន្ទាប់ពីប្រធានាធិបតីអាមេរិក បានបដិសេធមិនច្រានចោលការប្រើប្រាស់កម្លាំងយោធា។
ប៉ុន្តែបញ្ហាកោះ Greenland បានក្លាយទៅជាបញ្ហាការទូតដែលមិនសូវក្តៅគគុក ហើយត្រូវបានគ្របដោយក្តីបារម្ភ ក្នុងស្រុក អំពីការចំណាយលើការរស់នៅ សំណើរបស់លោកស្រី Frederiksen សម្រាប់ការយកពន្ធលើទ្រព្យសម្បត្តិរបស់អ្នកមាន និងការជជែកដេញដោលដែលកំពុងបន្តមាន អំពីគោលនយោបាយអន្តោប្រវេសន៍។ រហូតមកទល់ពេលនេះ គ្មានសំឡេងភាគច្រើនច្បាស់លាស់ណាមួយ ត្រូវបានមើលឃើញសម្រាប់ក្រុមណាមួយឡើយ នៅក្នុងការបោះឆ្នោតនេះ៕