យោធាអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) នេះថា ខ្លួនបានវាយប្រហារគោលដៅជាង ២.០០០ទីតាំង នៅក្នុងប្រទេសលីបង់ ចាប់តាំងពីក្រុមហេសបូឡាបានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដើម្បីគាំទ្រអ៊ីរ៉ង់។
លីបង់ត្រូវបានអូសទាញចូលទៅក្នុងសង្គ្រាមនេះ កាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា៖ «រហូតមកដល់ពេលនេះ គោលដៅភេរវកម្មជាង ២.០០០ទីតាំង ត្រូវបានកំណត់គោលដៅ ក្នុងនោះរួមទាំងប៉ុស្តិ៍បញ្ជាការក្រុមហេសបូឡាប្រហែល ១២០កន្លែង ទីតាំងផ្ទុកអាវុធជាង ១០០កន្លែង និងជើងទម្របាញ់មីស៊ីលជាង ១៣០គ្រឿង»។ កងទ័ពបានបន្ថែមថា៖ «លើសពីនេះទៀត ភេរវកររបស់ក្រុមហេសបូឡាជាង ៥៧០នាក់ត្រូវបានសម្លាប់»។
អ៊ីស្រាអែលបានវាយប្រហារគោលដៅភាគច្រើន នៅភាគខាងត្បូងប្រទេសលីបង់ និងជាយក្រុងនៃទីក្រុងបេរូត ដែលជាបន្ទាយរបស់ហេសបូឡាជាយូរមកហើយ ដោយបានចេញការព្រមានជម្លៀស សម្រាប់ជនស៊ីវិល ដែលប្រទេសលីបង់ប្រាប់ថា បានធ្វើឲ្យមនុស្សជាង ១លាននាក់ត្រូវផ្លាស់ទីលំនៅ។
ក្រសួងសុខាភិបាលលីបង់ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.០០១នាក់ នៅក្នុងប្រទេសនេះ ចាប់តាំងពីសង្គ្រាមចុងក្រោយនេះបានផ្ទុះឡើង៕