រយៈពេល ១ឆ្នាំកន្លងមកនេះ បានក្លាយជាការលំបាក និងបទពិសោធន៍មួយសម្រាប់លោក Huang Zhen និងអ្នកនាង Liang Ren Jia ដែលជាគ្រូបង្រៀនដូរតន្រ្តី ។
ពួកគេមិនត្រឹមតែបង្កើតសាលាបង្រៀនដូរតន្រ្តីខ្លួនឯងនៅទីក្រុងសៀងហៃប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានរៀបមង្គលការផងដែរ ក្រោយទំនាក់ទំនងចំណងស្នេហាអស់រយៈពេល ៧ឆ្នាំ ។
ដំបូងឡើយ ប្តីប្រពន្ធមួយគូនេះ ព្រួយបារម្ភថា ឪពុកម្តាយរបស់ពួកគេ អាចនឹងជំទាស់ចំពោះទំនាក់ទំនងស្នេហារបស់ពួកគេ ដោយសារទីក្រុងរបស់ពួកគេនៅឆ្ងាយពីគ្នាដូចមេឃនិងដី មានចម្ងាយរហូតដល់ ១ពាន់គ.មពីគ្នា ។ លោក Huang មកពីខេត្ត Shandong ហើយអ្នកនាង Liang មកពីខេត្ត Zhejiang ។
ប៉ុន្តែគ្រួសារទាំង ២ បានជួនពរពួកគេ ហើយពួកគេក៏បានរៀបអាពាហ៍ពិពាហ៍កាលពីខែវិច្ឆិកា ឆ្នាំមុន នៅទីក្រុងសៀងហៃ ។
លោក Huang និយាយប្រាប់ CNNថា អាពាហ៍ពិពាហ៍ផ្តល់ឲ្យពួកយើងនូវអ្វីមួយ ដើម្បីសំឡឹងមើលអនាគតនៃជីវិត ។ សព្វថ្ងៃ យុវជន-យុវតីច្រើនណាស់ គ្រាន់តែមានចំណងស្នេហាធម្មតា បើសិនជាពួកគេមិនចុះសម្រុងគ្នា ពួកគេនឹងបែកគ្នា រួចទៅរកអ្នកផ្សេង ។
អ្នកនាង Liang និយាយដែរថា ដូចយុវជន-យុវតីចិនដទៃទៀតដែរ គូស្នេហ៍ប្រឈមសម្ពាធហិរញ្ញវត្ថុផងដែរ ប៉ុន្តែពួកគេត្រូវតែស៊ូទ្រំារស់នៅជាមួយគ្នា ។
អ្នកនាងបន្តថា ពេលដែលអ្នកដោះស្រាយវិបត្តិហិរញ្ញវត្ថុរួមគ្នា វាមានអារម្មណ៍ថា លើសលប់ខ្លាំង ។ មនុស្ស ២នាក់ គឺខ្លាំងជាងមនុស្សម្នាក់ ពួកយើងអាចដោះស្រាយការងារលំបាកទាំងនេះរួមគ្នាបាន ។
ប្តីប្រពន្ធមួយគូនេះ ស្ថិតក្នុងចំណោមគូស្នេហ៍ចុះបញ្ជីរៀបមង្គលការ ៦,៧៦លាននាក់ នៅក្នុងប្រទេសចិន កាលពីឆ្នាំមុន ពោលគឺកើនឡើងពីកម្រិតទាបជាប្រវត្តិសាស្រ្តកាលពីឆ្នាំ ២០២៤ ។ ការកើនឡើងនេះ រួមចំណែកលើកត្តាជាច្រើន រួមទាំងការផ្លាស់ប្តូរគោលនយោបាយ និងការគិតគូរពីវប្បធម៌ ។
ដូចគ្នានឹងប្រទេសជាច្រើនទៀតដែរ ប្រទេសចិនកំពុងជួបវិបត្តិប្រជាសាស្ត្រកាន់តែអាក្រក់ មនុស្សចាស់កាន់តែមានចំនួនច្រើនយ៉ាងឆាប់រហ័ស និងអត្រាមានបុត្រ ក្នុងកម្រិតទាបបំផុតពុំធ្លាប់មានពីមុន ៕