បាត់ដំបង៖ បន្ទាប់ពីសម្ដេច តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាឱ្យក្រសួងពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប បង្រ្កាបបទល្មើសនេសាទ ប្រជានេសាទក្នុងភូមិ សាស្រ្តខេត្តបាត់ដំបង បានបង្ហាញការសាទរ និងគាំទ្រយ៉ាងពេញទំហឹង ជាមួយនឹងការរំពឹងថា ផលត្រីនឹងកើនឡើងវិញបើសិនជាគ្មានបទល្មើសនេសាទ។
ប្រជានេសាទ បានរំពឹងថា ការនេសាទត្រីរបស់ពួកគេ នៅពេលខាងមុខ នឹងទទួលបានផលច្រើន ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ និងបង្កើនសេដ្ឋកិច្ចគ្រួសារ ក្រោយពីបទល្មើសនេសាទនៅជុំវិញបឹងទន្លេសាបត្រូវបានបង្ក្រាបជាបន្តបន្ទាប់។
អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានណែនាំឱ្យមន្រ្តីជំនាញស្រង់បញ្ជីឈ្មោះអ្នកប្រព្រឹត្ត បទល្មើសនេសាទបញ្ជូនទៅតុលាការ ដើម្បីចេញដីកាចាប់ខ្លួនយកទៅផ្ដន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ ខណៈជនល្មើសទាំងនោះ ត្រូវបានកំណត់មុខសញ្ញារួចរាល់ហើយ។
ចាប់ពីពេលនេះ តទៅគ្មានទៀតឡើយការអប់រំ និងលើកលែងទោសដល់អ្នកប្រព្រឹត្តបទល្មើសនេសាទ ត្រូវតែអនុវត្តវិធានការច្បាប់ជាដាច់ខាត។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលស្រុកសហការជាមួយនាយខណ្ឌរដ្ឋ បាលជលផល ភូមិឃុំ សហគមន៍ទាំងអស់ ចុះធ្វើជំរឿនឧបករណ៍នេសាទ របស់ប្រជាពលរដ្ឋនៅតាមផ្ទះបើ មាន ឧបករណ៍ខុសច្បាប់ត្រូវដកហូតយកទាំងអស់៕អត្ថបទ៖ នឿត សុភក្ត្រ