ទឹកជំនន់ពេញដោយល្បាប់ភក់ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវ ធ្វើឲ្យផ្ទះសម្បែងរបើករបាញ លិចយានយន្ត និងជំរុញឲ្យមានការបញ្ជាជម្លៀសប្រជាជនរាប់ពាន់នាក់ នៅក្នុងក្រុងតូចៗភាគខាងជើងនៃទីក្រុង Honolulu ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២០ ខែមីនា ឆ្នាំ២០២៦) ខណៈដែលមន្ត្រីបានព្រមានអំពីលទ្ធភាពដែលអាចនឹងបាក់ទំនប់អាយុកាល ១២០ឆ្នាំ។
សំឡេងស៊ីរ៉ែនសង្គ្រោះបន្ទាន់ បានបន្លឺឡើងតាមបណ្តោយឆ្នេរខាងជើងនៃកោះ Oahu ជាកន្លែងដែលទឹកកំពុងឡើងខ្ពស់ បានបំផ្លាញផ្ទះសម្បែងនៅក្នុងសហគមន៍មួយ ដែលមានភាពល្បីល្បាញទូទាំងពិភពលោក សម្រាប់ការជិះស្គីលើទឹក។ មន្ត្រីក្រុង Honolulu បានប្រាប់ប្រជាជនកាលពីព្រឹកថ្ងៃសុក្រឲ្យចាកចេញពីតំបន់ផ្នែកខាងក្រោមនៃទំនប់ Wahiawa ដែលត្រូវបានគេស្គាល់ជាយូរមកហើយថា ងាយរងគ្រោះ ដោយប្រាប់ថា វា «ប្រឈមនឹងហានិភ័យបាក់ភ្លាមៗ»។

អ្នកនាំពាក្យក្រុង Honolulu លោក Ian Scheuring បាននិយាយថា មិនមានរបាយការណ៍ភ្លាមៗ អំពីការស្លាប់ ឬរបួសនោះទេ ប៉ុន្តេផ្ទះសម្បែងមួយចំនួន ត្រូវបានហូរតាមទឹក។ លោកបានបន្ថែមថា ក្រុមនាវិកបានស្វែងរកតាមផ្លូវអាកាស និងតាមផ្លូវទឹក សម្រាប់មនុស្សដែលជាប់ខ្លួន ជាកិច្ចប្រឹងប្រែងដែលត្រូវបានរារាំងដោយមនុស្សដែលបង្ហោះយានដ្រូនផ្ទាល់ខ្លួន ដើម្បីថតទិដ្ឋភាពទឹកជំនន់។
លោក Rick Blangiardi អភិបាលក្រុង Honolulu បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានពេលរសៀលមួយថា លំនៅឋានរាប់សិបខ្នង បើមិនមែនរាប់រយខ្នងនោះ ត្រូវបានខូចខាត ប៉ុន្តែមន្ត្រីមិនទាន់អាចវាយតម្លៃការបំផ្លិចបំផ្លាញ បានពេញលេញនៅឡើយទេ។ មនុស្សប្រហែល ៥.៥០០នាក់ ស្ថិតនៅក្រោមបញ្ជាជម្លៀសចេញ៕

