សារព័ត៌មាន Politico បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) នេះថា អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានស្វាគមន៍ ចំពោះគោលបំណងរបស់ក្រុមប្រឹក្សាសន្តិភាព (Board of Peace) របស់លោក Donald Trump ក្នុងការផ្តល់មូលនិធិ និងផ្តល់នូវមូលដ្ឋានគ្រឹះនៃផែនការកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដើម្បីសាងសង់ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរបស់ដែនដីប៉ាឡេស្ទីនឡើងវិញ។

លោក Guterres បានប្រាប់សារព័ត៌មាននេះនៅក្នុងបទសម្ភាសន៍មួយថា៖ «គោលបំណងច្បាស់លាស់ នៅទីនោះ ត្រូវបានកំណត់រួចហើយ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខ ហើយយើងកំពុងសហការយ៉ាងសកម្មជាមួយរចនាសម្ព័ន្ធដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិភាព»។
ជាមួយគ្នានេះ លោក Guterres មិនបានឃើញតម្រូវការ សម្រាប់ក្រុមប្រឹក្សានេះ ដែលមានលើសពីការកសាងឡើងវិញនៅតំបន់ហ្កាហ្សានោះឡើយ ដោយលោកបានបញ្ជាក់ថា៖ «នេះមិនមែនជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលយើងមាននៅពេលនេះទេ។ យើងត្រូវច្បាស់លាស់ អំពីច្បាប់អន្តរជាតិ ត្រូវច្បាស់លាស់ អំពីតម្លៃនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ នោះជារឿងសំខាន់ នៅក្នុងគំនិតផ្តួចផ្តើមសន្តិភាពណាមួយ»។
ហើយលោក Guterres បានអំពាវនាវឲ្យបញ្ចប់ការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់ ដោយបង្ហាញថា UN អាចជួយការពារផ្លូវទឹក និងក្លាយជាផ្នែកមួយនៃផែនការ ដើម្បីបន្ធូរបន្ថយការវាយប្រហារ។
យ៉ាងណាក្ដី ប្រមុខ UN បានបន្ថែមថា លោកមិនបានជជែកជាមួយលោក Trump ឡើយ ចាប់តាំងពីការចាប់ផ្តើមនូវសង្គ្រាម ទោះបីជាលោកបានពិភាក្សាជាមួយឥស្សរជនដទៃទៀតនៅក្នុងរដ្ឋបាលនេះក៏ដោយ៕


