សារព័ត៌មាន Financial Times (FT) បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) នេះថា សហភាពអឺរ៉ុប (EU) បានជំរុញឲ្យរដ្ឋជាសមាជិកកាត់បន្ថយគោលដៅស្តុកទុកឧស្ម័នធម្មជាតិ និងចាប់ផ្តើមបំពេញការបម្រុងទុកជាលំដាប់ឡើងវិញ ដើម្បីទប់ស្កាត់តម្រូវការ ខណៈដែលតម្លៃថាមពលហក់ឡើង ក្នុងអំឡុងពេលមានសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់។

ដោយដកស្រង់ខ្លឹមសារពីលិខិតមួយចបាប់ សារព័ត៌មាននេះ បានឲ្យដឹងថា ស្នងការថាមពល លោក Dan Jorgensen បានណែនាំរដ្ឋជាសមាជិកឲ្យទម្លាក់គោលដៅបំពេញ សម្រាប់កន្លែងស្ដុកឧស្ម័នរបស់ពួកគេ មកត្រឹម ៨០ភាគរយនៃសមត្ថភាពផ្ទុក ដែលទាបជាងគោលដៅផ្លូវការរបស់ EU ១០ភាគរយ «ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានក្នុងរដូវបំពេញ ដើម្បីផ្តល់នូវភាពប្រាកដប្រជា និងការធានាដល់ទីផ្សារ»។
សារព័ត៌មាន FT បានឲ្យដឹងថា លោក Jorgensen បានរៀបរាប់នៅក្នុងលិខិតនោះថា «ការផ្គត់ផ្គង់ថាមពលរបស់ EU នៅតែត្រូវបានការពារយ៉ាងល្អ» ដោយលោកអំពាវនាវឲ្យមាន «ការឆ្លើយតបរួមគ្នា» ចំពោះជម្លោះ និងព្រមានថា «សភាពការណ៍វិវត្តន៍ថ្មីៗ បង្ហាញថា វាអាចចំណាយពេលយូរជាងនេះ សម្រាប់ការផលិត (ឧស្ម័នប្រេងឥន្ធនៈរាវ) ដើម្បីអាចត្រលប់ទៅកម្រិតមុនវិបត្តិ»។
គណៈកម្មការអឺរ៉ុបមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន Reuters។ តម្លៃឧស្ម័ននៅអឺរ៉ុប បានហក់ឡើងរហូតដល់ ៣៥ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលការវាយប្រហាររបស់អ៊ីរ៉ង់ និងអ៊ីស្រាអែល បានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធឧស្ម័នសំខាន់បំផុតមួយចំនួនរបស់តំបន់មជ្ឈិមបូព៌ា ដែលបណ្តាលឲ្យមានការខូចខាត ដោយទំនងជាចំណាយពេលច្រើនឆ្នាំដើម្បីជួសជុលឡើងវិញ៕

