នៅថ្ងៃសៅរ៍ (ទី២១ ខែមីនា ឆ្នាំ២០២៦) នេះ យោធាអ៊ីរ៉ង់បានព្រមានប្រទេសអេមីរ៉ាតអារ៉ាប់រួមកុំអនុញ្ញាតឲ្យមានការវាយប្រហារពីទឹកដីរបស់ខ្លួន លើកោះដែលមានជម្លោះចំនួន ២ នៅឈូងសមុទ្រពែរ្ស ជិតច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tasnim មេបញ្ជាការប្រតិបត្តិការយោធា លោក Khatam Al-Anbiya បាននិយាយថា៖ «យើងសូមព្រមានអារ៉ាប់រួមថា ប្រសិនបើមានការឈ្លានពានបន្ថែមទៀតចេញពីទឹកដីរបស់ប្រទេសនេះ លើកោះរបស់អ៊ីរ៉ង់ គឺ Abu Musa និង Greater Tunb នៅក្នុងឈូងសមុទ្រពែរ្ស កងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលខ្លាំងក្លារបស់អ៊ីរ៉ង់ នឹងធ្វើឲ្យទីក្រុង Ras Al Khaimah នៅអារ៉ាប់រួម រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។

កោះ Abu Musa និង Greater Tunb ដែលត្រូវបានគ្រប់គ្រងដោយអ៊ីរ៉ង់ ប៉ុន្តែត្រូវបានទាមទារដោយអារ៉ាប់រួម គឺជាប្រភពនៃជម្លោះជាយូរមកហើយ រវាងប្រទេសទាំង២។
កោះទាំងនេះ មានទីតាំងនៅឈូងសមុទ្រជិតផ្លូវចូលច្រកសមុទ្រ Hormuz ដែលជាធម្មតាមានការឆ្លងកាត់ប្រហែល ១ភាគ៥ នៃប្រេងរបស់ពិភពលោក។
ប៉ុន្តែចរាចរណ៍ផ្លូវសមុទ្រត្រូវបានរំខានដោយសង្គ្រាម ក្នុងតំបន់ ដែលបានចាប់ផ្តើមឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយចាប់តាំងពីពេលនោះមកបានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា៕


