ភ្នំពេញ៖ កិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស អាយឆា (AICHR) នៅថ្ងៃទី២៩ ខែមីនានេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ បានពិភាក្សាទៅលើបញ្ហាសិទ្ធិជនពិការ រួមទាំងបញ្ហាមួយចំនួន។
ឯកឧត្តម ស្រ៊ាង ចិន្តា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាទៅលើលិខិតបទដ្ឋានរបស់អាយឆា ក៏ដូចជាការចែករំលែកនូវឯកសារផ្សេងៗរបស់អាស៊ាន ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដែលមានដូចជាធម្មនុញ្ញរបស់អាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងលក្ខន្តិកៈរបស់អាយឆា ទាក់ទងនឹងសិទ្ធិមនុស្សដែលអាយឆា ត្រូវធ្វើ ។
ឯកឧត្តម បានបន្តថា កិច្ចប្រជុំបន្តពិភាក្សាទៅលើគម្រោងត្រូវធ្វើ លើបញ្ហាសិទ្ធិមនុស្ស ហើយក៏មានផ្ដោតសំខាន់ទៅលើសិទ្ធិរបស់ជនមានពិការភាព តើបានធ្វើការងារអ្វីខ្លះ ដើម្បីលើកកម្ពស់ជនមានពិការភាព និងការពារសិទ្ធិរបស់ពួកគេ ។
ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំអាយឆា ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសម្ដែងនូវការស្វាគមន៍ចំពោះតំណាងនៃប្រទេសនីមួយៗ ចូលរួមក្នុងកិច្ចប្រជុំនេះ រួមទាំងការថ្លែងអំណរគុណ ចំពោះការចែករំលែកនូវបទពិសោធន៍នានា ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស។
កិច្ចប្រជុំឆាយលើកទី៣៤ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ៕អត្ថបទ៖ បាន សុខរិទ្ធ