ក្រុមជួយសង្រ្គោះភ្នំអាល់ និយាយថា អ្នកជិះស្គី ២នាក់ ត្រូវបានសម្លាប់ មនុស្ស ៣នាក់ផ្សេងទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយបំណាក់ផ្ទាំងទឹកកក វាយប្រហារជ្រលងភ្នំ Val Ridanna ស្ថិតក្នុងតំបន់ Trentino-Alto Adige ភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃត្រង់ថ្ងៃសៅរ៍ ។

ការប្រកាសអាសន្ន បានឡើងកាលពីវេលាម៉ោង ១១ និង ៤០នាទីថ្ងៃត្រង់ ថ្ងៃសៅរ៍ ពេលដែលមនុស្សមួយក្រុមស្ថិតនៅលើជំរាលភ្នំ ដែលមានកម្ពស់ ២.៤៤៥ម៉ែត្រ ។ បំណាក់ផ្ទាំងទឹកកកដែលមានមុខកាត់ ១៥០ម៉ែត្រ ចាប់ផ្តើមកើតមាននៅលើកំពូលភ្នំ ហើយនិងវាយប្រហារជំរាលភ្នំទាំងមូល បណ្តាលឲ្យជាប់ខ្លួនអ្នកឡើងភ្នំ ២៥នាក់ ។
ក្រុមជួយសង្រ្គោះនិយាយថា បំណាក់ដីនេះដែរ បានជាប់ខ្លួនមនុស្ស ២៥នាក់ នៅលើរយៈកម្ពស់ ២.៤០០ម៉ែត្រ ។
ប្រតិបត្តិការជួយសង្រ្គោះទ្រង់ទ្រាយធំ បានធ្វើឡើង ក្នុងនោះឧទ្ធមាគចក្រ ៦គ្រឿង ត្រូវបានដាក់ពង្រាយ ហើយមន្ទីរពេទ្យស្ថិតក្នុងទីក្រុង Bolzano, Merano, Bressanone និងទីក្រុង Innsbruck ប្រទេសអូទ្រីស កំពុងប្រុងជើងការ ។
ជំរំបណ្តោះអាសន្ន ត្រូវបានបង្កើតឡើងផងដែរ ដើម្បីសម្របសម្រួលប្រតិបត្តិការជួយសង្រ្គោះ ៕
