រដ្ឋមន្ត្រីការបរទេសទីក្រុងតូក្យូ លោក Toshimitsu Motegi បាននិយាយនៅថ្ងៃអាទិត្យ (២២ មីនា) នេះថា ប្រទេសជប៉ុន អាចនឹងពិចារណាដាក់ពង្រាយកងទ័ពរបស់ខ្លួន ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីនក្នុងច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ការផ្គត់ផ្គង់ប្រេងសកល ប្រសិនបើបទឈប់បាញ់មួយអាចសម្រេចបាន នៅក្នុងសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល ទល់នឹងអ៊ីរ៉ង់។
ថ្លែងក្នុងកម្មវិធីទូរទស្សន៍ Fuji TV លោក Motegi បានលើកឡើងថា៖ «ឧបមាថា បើមានបទឈប់បាញ់ពេញលេញមួយ នោះរឿងដូចជាការបោសសម្អាតមីនអាចនឹងត្រូវលើកយកមកពិភាក្សា។ នេះគ្រាន់តែជាការសន្មតប៉ុណ្ណោះ ប៉ុន្តែបើមានបទឈប់បាញ់មែន ហើយមីនក្នុងទឹកបង្កជាឧបសគ្គ នោះលោកគិតថា ចំណុចនេះអាចជារឿងដែលត្រូវពិចារណា»។

គួរឱ្យដឹងថា សកម្មភាពយោធាជប៉ុន ត្រូវបានរឹតត្បិតក្រោមរដ្ឋធម្មនុញ្ញសន្តិនិយមក្រោយសង្គ្រាមរបស់ខ្លួន ប៉ុន្តែច្បាប់សន្តិសុខឆ្នាំ២០១៥ អនុញ្ញាតឱ្យជប៉ុនប្រើប្រាស់កងកម្លាំងស្វ័យការពារនៅក្រៅប្រទេស ប្រសិនបើការវាយប្រហារណាមួយ រួមទាំងការវាយប្រហារលើដៃគូសន្តិសុខជិតស្និទ្ធ គំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន និងប្រសិនបើពុំមានមធ្យោបាយផ្សេងទៀតដើម្បីដោះស្រាយទេនោះ។
លោក Motegi បន្តថា ទីក្រុងតូក្យូមិនទាន់មានផែនការភ្លាមៗក្នុងការស្វះស្វែងរៀបចំដើម្បីអនុញ្ញាតឱ្យនាវាជប៉ុនដែលជាប់គាំង អាចឆ្លងកាត់ច្រកសមុទ្រហ័រមូសនៅឡើយទេ ប៉ុន្តែលោកបន្ថែមថា ជារឿងសំខាន់ខ្លាំងណាស់ក្នុងការបង្កើតលក្ខខណ្ឌដែលអនុញ្ញាតឱ្យនាវាទាំងអស់អាចធ្វើនាវាចរណ៍ឆ្លងកាត់ផ្លូវទឹកដ៏តូចចង្អៀតនេះ ដែលជាច្រកដឹកជញ្ជូនប្រេងរហូតដល់មួយភាគប្រាំរបស់ពិភពលោក៕

