ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា និងស្ថានទួតអាមេរិកប្រចាំនៅកម្ពុជា រួមទាំងក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងមន្ទីរពេទ្យវៃឆ្លាតបៃតង»។ ដោយគម្រោងនេះ បានឧបត្ថម្ភគាំទ្រមន្ទីរពេទ្យ និងគ្លីនិក មកពីភ្នំពេញ បាត់ដំបង និងសៀមរាប ឱ្យចូលរួមអនុវត្តគម្រោងនេះ និងបានដាក់ឈ្មោះថា «បណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង»។
សិក្ខាសាលានេះ បានធ្វើឡើង នៅសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ ចូលរួមជាគណៈអធិបតី ដោយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងនាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា និងតំណាងពីបណ្តាញសមាជិកមន្ទីរពេទ្យវៃឆ្លាតបៃតង ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីសិក្ខាសាលានោះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថាគម្រោង «ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» សំដៅចូលរួមចំណែកនៅក្នុងការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅក្នុងវិស័យសុខាភិបាលកម្ពុជា ហើយក៏ជាការបោះជំហានជាវិជ្ជមានមួយទៀត នៅក្នុងការរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាលជាតិ ដែលបាន និងកំពុងតែផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការធ្វើទំនើបកម្មបច្ចេកវិទ្យា ឌីជីថល នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន។
លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្ថែមថា ដំណើរការគម្រោង «ការប្រើប្រាស់ បច្ចេកវិទ្យាសម្រាប់ដំណើរការមន្ទីរពេទ្យវៃឆ្លាតបៃតង» ក្នុងផ្នែកឯកជន នៅកម្ពុជា ដោយកម្មវិធីពេទ្យយើង តាមរយៈជំនួយហិរញ្ញវត្ថុរបស់គម្រោងភាពជាដៃគូទីក្រុងវៃឆ្លាតរបស់សហរដ្ឋអាមេរិក គឺជាចំណែកមួយក្នុងការបង្កើនសក្តានុពលដ៏វិសេសវិសាល ទៅលើការផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺតាមបែបឌីជីថល ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់សេវាមន្ទីរពេទ្យឯកជន និងជាការចូលរួមចំណែកមួយផងដែរ នៅក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលកម្ពុជា តាមបែបឌីជីថល។ គម្រោងនេះ បានជួយដល់មន្ទីរពេទ្យឯកជននៅក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ឱ្យដំណើរការគ្រប់គ្រងសេវាព្យាបាលជំងឺបែបឌីជីថល និងនាំឱ្យមន្ទីរពេទ្យ និងគ្លីនិកឯកជនទាំងអស់នោះ មានតួនាទី មិនត្រឹមតែជាអ្នកផ្តល់សេវា ប្រកបដោយការទទួលខុសត្រូវទេ ប៉ុន្តែបានក្លាយជាមន្ទីរពេទ្យ និងគ្លីនិកមានការទទួលខុសត្រូវចូលរួមកសាងទីក្រុងបៃតង និងបរិស្ថានស្អាតទៀតផង។
លោកជំទាវ ឱ វណ្ណឌីន បន្តថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលទំនើប សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល ក៏ជាចំណុចសំខាន់មួយ ដែលត្រូវបានរាប់បញ្ចូល គិតគូរ និងផ្តួចផ្តើមនៅក្នុងគោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល ក៏កំពុងតែគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការដៃគូនានា។
ថ្លែងនៅក្នុងកម្មវិធីនោះដែរ លោកPatrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានប្រកាសចូលរួមអបអរសាទរដល់មន្ទីរពេទ្យ និងគ្លីនិក ទាំង ២០ ដែលបានអនុវត្តគម្រោងបណ្តាញមន្ទីរពេទ្យវៃឆ្លាតបៃតង ដោយជោគជ័យ នាពេលនេះ ហើយឯកឧត្តម រំពឹងថា គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងខ្លាំង ជួយជ្រុំជ្រែងដល់ការផ្តល់សេវាជូនអតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការកាត់បន្ថយដល់ផលប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។
លោកPatrick Murphy បន្ថែមថាគម្រោងដើមរបស់យើងគឺយើងចង់ឱ្យមានកំណត់ត្រាអ្នកជំងឺ ត្រឹមតែ ៣៥ ០០០នាក់ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលអនុវត្ត គម្រោងនេះសម្រេចបានដល់ទៅជាង ១០ម៉ឺននាក់។ ដូច្នេះគម្រោងរបស់យើង រវាងដៃគូជាមួយសហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាគំនិតផ្តួចផ្តើមគម្រោងទាក់ទងនឹងសុខភាព នៅក្នុងវិស័យសុខាភិបាលនោះទេ តែក៏គិតដល់វិស័យផ្សេងៗទៀត នៅក្នុងវិស័យនេះ ទាក់ទងនឹងគម្រោងទីក្រុងឆ្លាតវៃ ទាក់ទងនឹងគម្រោងសេដ្ឋកិច្ចឌីជីថល និងពង្រឹងភាពអង់អាចរបស់ស្ត្រី រួមទាំងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕ អត្ថបទ ៖ បាន ចក់








