អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ ទី២២ ខែមីនា ថា ព្យុះភ្លៀងដែលបានបង្កឲ្យមានទឹកជំនន់ដ៏គំហុកនៅក្នុងប្រទេសកេនយ៉ា បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៨១នាក់ស្លាប់ក្នុងខែនេះ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនៅក្នុងប្រទេស។ យោងតាមអ្នកសារព័ត៌មាន AFP បានឲ្យដឹងថា នៅភាគខាងលិចដែលរងគ្រោះខ្លាំងរបស់ប្រទេស ប្រជាជនបានដើរកាត់ទឹកជំនន់ដោយមានរបស់របររបស់ពួកគេទូលនៅលើក្បាល ហើយបានជម្លៀសចេញតាមទូកដែលមានមនុស្សច្រើនកកកុញ។

ទឹកជំនន់ដ៏គំហុកបានជន់លិចភូមិទាំងមូលជាច្រើនកន្លែងនៅក្នុងស្រុក Kisumu ដោយបំផ្លាញដីធ្វើកសិកម្មប្រហែល១.២០០ហិកតា និងបានបំផ្លាញដំណាំ។ អ្នកស្រុកនិយាយថា គ្រួសារជាង ៣.០០០ គ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងសហគមន៍ Nyakach ដោយមនុស្សមួយចំនួនស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួនប្រាំបីកន្លែង ខណៈទឹកកើនឡើងពីទន្លេ Mirui ដែលពេញហៀរនៅតែបន្តគំរាមកំហែងដល់សហគមន៍។

អាជ្ញាធរបាននិយាយថា រដ្ឋធានី Nairobi មានចំនួនអ្នកស្លាប់ខ្ពស់បំផុតដោយសារទឹកជំនន់ ដោយមានមនុស្ស ៣៧នាក់បានស្លាប់។
លោក Muchiri Nyaga អ្នកនាំពាក្យនគរបាលជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «គួឲ្យសោកស្តាយ ចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៨១ នាក់”។ លើសពីនេះ ទឹកជំនន់ដ៏គំហុកបានបោកបក់ឆ្លងកាត់តំបន់ជាច្រើនដោយបានជម្លៀសគ្រួសារប្រមាណ ២.៦៩០ គ្រួសារ និងបណ្តាលឱ្យមានការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងច្រើន។