យោធារបស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងពង្រីកប្រតិបត្តិការតាមជើងគោករបស់ខ្លួននៅក្នុងប្រទេសលីបង់ប្រឆាំងក្រុមហេសបូឡា ដោយព្រមានអំពីប្រតិបត្តិការយូរអង្វែង បន្ទាប់ពីទីក្រុងបេរូត បានថ្កោលទោសនូវអ្វីដែលខ្លួនហៅថា ការរំលោភបំពានធ្ងន់ធ្ងររបស់អ៊ីស្រាអែលលើដែនអធិបតេយ្យភាពរបស់ប្រទេសលីបង់។ កងកម្លាំងអ៊ីស្រាអែល ត្រូវបានបញ្ជាឱ្យបំផ្លាញស្ពានមួយកន្លែងដែលពួកគេនិយាយថាត្រូវបានប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដើម្បីឆ្លងកាត់ទន្លេ Litani ហើយប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់បានរាយការណ៍ពីការវាយឆ្មក់របស់អ៊ីស្រាអែលនៅភាគខាងត្បូង។ ឧត្តមសេនីយ៍ Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រតិបត្តិការប្រឆាំងអង្គការភេរវកម្មហេសបូឡាទើបតែចាប់ផ្តើម នេះគឺជាប្រតិបត្តិការដ៏វែងឆ្ងាយ»។

លោកបាននិយាយបន្ថែមថា ពេលនេះយើងកំពុងត្រៀមដើម្បីរុលទៅមុខប្រតិបត្តិការតាមជើងគោក និងការវាយប្រហារតាមផែនការដែលបានរៀបចំទុក»។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យយោធាឧត្តមសេនីយ៍ Effie Defrin បាននិយាយថា ការពង្រីកប្រតិបត្តិការតាមជើងគោកនឹងចាប់ផ្តើមក្នុងសប្តាហ៍ខាងមុខនេះ។

ប្រធានាធិបតីលីបង់ លោក Joseph Aoun បានព្រមានកាលពីពេលមុនថា ការវាយប្រហារស្ពាននេះ «បង្ហាញការកើនឡើងដ៏គ្រោះថ្នាក់ និងការរំលោភបំពានធ្ងន់ធ្ងរលើដែនអធិបតេយ្យភាពរបស់ប្រទេសលីបង់ ហើយត្រូវបានចាត់ទុកថាជាការត្រៀមលក្ខណៈសម្រាប់ការឈ្លានពានទឹកដី»។ ប្រទេសលីបង់ ត្រូវបានទាញឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា នៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី២ ខែមីនា ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក។