នាយកប្រតិបត្តិទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) លោក Fatih Birol បាននិយាយនៅថ្ងៃចន្ទ (២៣ មីនា) នេះថា ស្ថាប័នថាមពលពិភពលោកមួយនេះ កំពុងតែពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនានានៅតំបន់អាស៊ី និងអឺរ៉ុប អំពីការបញ្ចេញប្រេងបម្រុងបន្ថែមទៀត «ប្រសិនបើចាំបាច់» ដើម្បីដោះស្រាយវិបត្តិថាមពលសកល ដោយសារតែសង្គ្រាមអ៊ីរ៉ង់។

លោក Birol បានប្រាប់ក្លឹបសារព័ត៌មានជាតិ NPC ក្នុងទីក្រុងកង់បេរ៉ាថា៖ «ប្រសិនបើចាំបាច់ IEA នឹងពិនិត្យមើលស្ថានភាព ហើយនឹងវិភាគ វាយតម្លៃទីផ្សារ និងពិភាក្សាជាមួយប្រទេសជាសមាជិករបស់ខ្លួនលើការបញ្ចេញស្តុកបន្ថែម»។

គួរឱ្យដឹងថា ប្រទេសជាសមាជិក IEA បានយល់ព្រមរួចទៅហើយកាលពីថ្ងៃទី១១ ខែមីនា ក្នុងការបញ្ចេញប្រេងបម្រុងចំនួន ៤០០ លានបារ៉ែល ដែលជាកម្រិតកំណត់ត្រាពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងការហក់ឡើងនៃតម្លៃប្រេងឆៅពិភពលោក។ លោក Birol បានបន្ថែមថា នឹងពុំមានការកំណត់កម្រិតតម្លៃប្រេងឆៅជាក់លាក់ណាមួយ ដើម្បីជំរុញឱ្យមានការបញ្ចេញប្រេងបន្ថែមនោះទេ។

ប្រធាន IEA រូបនេះបានពណ៌នាវិបត្តិនៅមជ្ឈិមបូព៌ាថា «ធ្ងន់ធ្ងរខ្លាំងណាស់» និងអាក្រក់ជាងវិបត្តិប្រេងចំនួនពីរលើករបស់ពិភពលោករួមបញ្ចូលគ្នាទៅទៀត ពោលគឺវិបត្តិក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ក៏ដូចជាផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនលើវិស័យឧស្ម័នកាលពីឆ្នាំ២០២២។ លោកបញ្ជាក់ថា៖ «ដំណោះស្រាយដ៏សំខាន់បំផុតតែមួយគត់ចំពោះបញ្ហានេះ គឺការបើកច្រកសមុទ្រហ័រមូសឡើងវិញ»៕