ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cape Epic Race លើកទី ២២ បានបិទបញ្ចប់នៅថ្ងៃអាទិត្យកន្លងទៅនេះ ខណៈក្រុមប្រណាំងកង់ម្ចាស់ផ្ទះអាហ្វ្រិកខាងត្បូងក្លាយជាជើងឯក។
ប្រកួតប្រជែងគ្នាអស់ ៧ ដំណាក់កាល ដំណាក់កាលចុងក្រោយដែលមានចម្ងាយផ្លូវ ៥៨ គីឡូម៉ែត្រ ក្នុងនោះចម្ងាយ ២១៥០ ត្រូវជិះឡើងភ្នំ ការប្រកួតផ្នែកបុរសបានបញ្ចប់ទៅដោយប្រផិតប្រផើយរវាងអ្នកឈ្នះជើងឯក និងអ្នកលេខពីរ។

កីឡាករអ៊ីតាលី Luca Braidot និង Simone Avondetto ជាអ្នកនាំមុខ ១៣ វិនាទីមុនដំណាក់កាលចុងក្រោយពីក្រុមអាហ្វ្រិកខាងត្បូងដែលមានកីឡាករ Matt Beers និង Tristan Nortje។
Beers និង Notje មានការប្រកួតដ៏អស្ចារ្យខ្លួនទោះមិនបានឈ្នះដំណាក់កាលចុងក្រោយ តែបានបញ្ចប់ទីនៅពីមុខ Braidot និង Avondetto ក៏បានក្លាយជាក្រុមប្រណាំងកង់អាហ្វ្រិកខាងត្បូងដំបូងដែលឈ្នះជើងឯក Cape Epic Race នេះ។

ចំណែកការប្រកួតផ្នែកនារីវិញ កីឡាការិនី Candice Lill របស់អាហ្វ្រិកខាងត្បូង និងដៃគូកីឡាការិនីស្វ៊ីស Alessandra Keller បានយកឈ្នះដំណាក់កាលចុងក្រោយ និងជាជើងឯកផងដែរ៕ អត្ថបទ៖នាង សុភាវុធ





