ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នៅខែមេសាខាងមុខនេះ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិក និងប្រទេសជប៉ុន ត្រៀមខ្លួនរួមចរាល់មកលេងប្រទេសកំណើត ដើម្បីចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។
តាមរយៈវីឌីអូឃ្លីប ដែលBTVទទួលបាននៅថ្ងៃទី២៣ ខែមីនា នេះ លោក ឃុន សារឿន ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសជប៉ុន បានលើកឡើងថា ដើម្បីជាការចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ នៅក្នុងខែមេសាខាងមុខនេះ លោកនឹងមកលេងប្រទេសកម្ពុជា ចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិសេសចង់ចូលរួមក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ។ បន្ថែមលើនេះ លោកក៏បានបបួលមិត្តភក្តិជាជនជាតិខ្មែរ និងបរទេសមកលេងប្រទេសកម្ពុជាដែរ។
លោក ហ៊ន វណ្ណនាដ ពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាម៉េរិក បានគាំទ្រការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជារឿងត្រឹមត្រូវ ព្រោះជាទំនៀមទម្លាប់ប្រពៃណីខ្មែរតពីដូនតាមក។ ហើយរូបលោក និងគ្រួសារនឹងមកចូលរួមពិធីបុណ្យចូលឆ្នាំ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានត្រៀមទៅជួបជុំ ឳពុក ម្តាយ បងប្អូន សាច់ញាតិ និងដើរលេងកម្សាន្តនៅទីតាំងទេសចរណ៍ផ្សេងៗក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានព្រឹត្តិការណ៍«នរគសង្ក្រាន្ត»មួយផងដែរ៕ អត្ថបទ៖ ទូច សោភ័ណ




