រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានរិះគន់ការវាយប្រហារថ្មីៗរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែររបស់ប្រទេសនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ ដោយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិមានជំហររឹងមាំលើបញ្ហានេះ និងទាមទារឲ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលផ្តល់សំណងសម្រាប់ការខូចខាតដែលបានធ្វើចំពោះទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) លោក Araghchi បានលើកឡើងថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរស៊ីវិលនៅក្នុងទីក្រុង Natanz និងនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr គឺជា «ការរំលោភលើគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងលក្ខន្តិកៈរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ(IAEA)»។
លោកបានព្រមានថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ បង្ក «ហានិភ័យនៃការបញ្ចេញសារធាតុវិទ្យុសកម្ម ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល និងបរិស្ថាន»។
លោកបានរិះគន់ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ថា ជា «ទង្វើឈ្លានពាន»។

លោកបានសង្កត់ធ្ងន់ថា៖«ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានកាតព្វកិច្ចផ្លូវច្បាប់យ៉ាងច្បាស់លាស់ ដើម្បីធ្វើសកម្មភាពភ្លាមៗ និងម៉ឺងម៉ាត់ ដើម្បីថ្កោលទោសចំពោះការឈ្លានពាននេះ និងបង្ខំឲ្យក្រុមអ្នកឈ្លានពានបញ្ឈប់ការវាយប្រហារខុសច្បាប់ទាំងអស់របស់ពួកគេជាបន្ទាន់ និងធ្វើការសងជំងឺចិត្ត និងសំណងពេញលេញសម្រាប់របួស និងការខូចខាតដែលពួកគេបានបង្កឡើង រួមទាំងរោងចក្រ និងរោងចក្រនុយក្លេអ៊ែរដោយសន្តិវិធីរបស់អ៊ីរ៉ង់ផងដែរ»៕