ទស្សនាវដ្តី The Economist បានសរសេរនៅក្នុងអត្ថបទមួយថា ទីក្រុងវ៉ាស៊ីនតោនមានវិធានការចំនួន ៤ដែលអាចធ្វើទៅបានទាក់ទងនឹងអ៊ីរ៉ង់ ប៉ុន្តែចំណាត់ការទាំងអស់នោះ គឺសុទ្ធតែមិនល្អសម្រាប់សហរដ្ឋអា មេរិក។

អត្ថបទនោះ បានបញ្ជាក់ថា៖«ចំពោះមនុស្សស្ទើរតែគ្រប់គ្នា វាច្បាស់ណាស់ថា អាមេរិកបានចូលរួមក្នុងសង្គ្រាមនេះ ជាមួយនឹងយុទ្ធសាស្ត្រដែលមានចំណុចខ្វះខាត ដោយចាប់ផ្តើមពីការបរាជ័យរបស់ខ្លួន ក្នុងការរំពឹងទុកថា អ៊ីរ៉ង់នឹងបិទច្រកសមុទ្រ។ ខណៈពេលដែលការប្រយុទ្ធបានចូលដល់សប្តាហ៍ទី៤ លោក ត្រាំ មានជម្រើសចំនួន ៤ សម្រាប់របៀបបន្តប្រតិបតិ្តការ។ លោកអាចចរចា ចាកចេញ បន្ត ឬបង្កើនភាពតានតឹង។ ប្រសិនបើលោកមិនទាន់បានជ្រើសរើសណាមួយទេ ដោយសារតែគ្មានជម្រើសណាមួយក្នុងចំណោមនោះ ល្អនោះទេ»។

The Economist បានសរសេរថា គំនិតនៃការចរចាហាក់ដូចជាស្មុកស្មាញ ដោយសារក្នុងឱកាសពីរលើកមុន សហរដ្ឋអាមេរិក បានបើកការវាយប្រហារលើអ៊ីរ៉ង់ នៅពេលពិភាក្សាជាមួយទីក្រុងតេអេរ៉ង់។ ការបោះពុម្ពផ្សាយនេះ ក៏ព្យាករពីការលំបាកក្នុងការជ្រើសរើសអ្នកសម្របសម្រួល និងចង្អុលបង្ហាញពីការទាមទារអតិបរមារបស់ភាគីទាំងពីរ។
យោងតាមអ្នកវិភាគរបស់ទស្សនាវដ្តីនេះ បានឲ្យដឹងថា ការបញ្ចប់ជម្លោះឥឡូវនេះ និងការប្រកាសជ័យជម្នះ នឹងមិនកាត់បន្ថយការព្រួយបារម្ភរបស់ទីក្រុងវ៉ាស៊ីនតោនអំពីស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់នោះទេ ហើយវាក៏មិនធ្វើឲ្យតម្លៃថាមពលធ្លាក់ចុះយ៉ាងឆាប់រហ័សដែរ ដោយសារតែការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស នឹងនៅតែស្ថិតក្នុងដៃរបស់អ៊ីរ៉ង់ទាំងស្រុង។ លើសពីនេះទៅទៀត ទីក្រុងវ៉ាស៊ីនតោន ប្រឈមនឹងការបំផ្លាញទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅឈូងសមុទ្រពែក្ស ខណៈដែលសហរដ្ឋអាមេរិក នឹងត្រូវដកថយពីតួនាទីសំខាន់របស់ខ្លួននៅមជ្ឈិមបូព៌ា ដែលធានានូវលំហូរប្រេងដែលមានសុវត្ថិភាពពីតំបន់នេះ៕