ស៊ីហ្គេម៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្ដេជ្ញាជំរុញការរៀបចំនូវកម្មវិធីសម្ដែងទស្សនីយភាព អបអរសាទរពិធីទទួលទង់ស៊ីហ្គេមដើម្បីបន្ដវេណធ្វើម្ចាស់ផ្ទះបន្ទាប់ពីវៀតណាម ឲ្យមានភាពទាក់ទាញបំផុតព្រោះជាវេទិកាដ៏សំខាន់ ដើម្បីបង្កើនភាពទាក់ទាញប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ានមកប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ថ្លែងក្នុងកិច្ចប្រជុំជំនាញក្នុងការត្រួតពិនិត្យឡើងវិញ នូវការរៀបចំសម្ដែងត្រៀមទទួលទង់ស៊ីហ្គេមក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។ ឯកឧត្តមបានគូសបញ្ជាក់ថា ការសម្ដែងទស្សនីយភាពក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមគ្រោងរៀបចំរយៈពេល ១២នាទី ដោយមានក្រុមសិល្បករ និងក្រុមកីឡា ក្រោមការរៀបចំ និងត្រៀមយ៉ាងម៉ត់ចត់បំផុតដើម្បីក្លាយជាមេដែកមួយ ក្នុងការទាក់ទាញបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យរង់ចាំចូលរួមគាំទ្រ និងចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ដ្រនៅកម្ពុជានាឆ្នាំ២០២៣។ ឯកឧត្ដមមានប្រសាសន៍ថា ការត្រៀមសម្តែងនេះបានឆ្លងថ្នាក់ដឹកនាំច្រើនលើកមកហើយ ហើយកិច្ចប្រជុំនេះគឺជាការពិនិត្យឡើងវិញបន្ថែម និងពន្លឿនផែនការនេះឲ្យបានគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះ ឯកឧត្តមបានចែករំលែកនូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងពិធីបិទ ក៏ដូចជាទីតាំងរៀបចំ បន្ទាប់ពីឯកឧត្តមក្នុងនាមនាយបេសកកម្មស៊ីហ្គេមបានដឹកនាំប្រតិភូចូលរួមប្រជុំ និងបំពេញទស្សនកិច្ចនៅវៀតណាមកាលពីថ្មីៗ។
ប្រតិបត្តិករកីឡាដដែលបន្ដថា តាមរយៈការត្រៀមរៀបចំកម្មវិធីសម្ដែងទទួលទង់បន្ដវេណធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ វៀតណាមបានផ្ដល់ភាពកក់ក្ដៅដល់កម្ពុជាក្នុងការបញ្ជូនប្រតិភូជាន់ខ្ពស់ និងក្រុមសម្ដែង ពិសេសវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងប្រធាន CAMSOC ដែលសម្ដេចនឹងអញ្ជើញផ្ទាល់ក្នុងពិធីបិទ និងពិធីទទួលទង់ស៊ីហ្គេម ហើយវៀតណាមក៏បានសន្យាផ្ដល់នូវការទទួលបដិសណ្ឋារកិច្ចជាពិសេស ចំពោះប្រតិភូជាន់ខ្ពស់កម្ពុជាទៀតផង។ សូមបញ្ជាក់ថា តាមគម្រោងការសម្តែងទស្សនីយភាពរយៈពេល ១២នាទីនេះគឺមានការសម្តែងរបាំ ការបង្ហាញពីស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ស៊ីហ្គេម ២០២៣ ក្រោមពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» ក៏ដូចជាចម្រៀងស្វាគមន៍ប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់មកស៊ីហ្គេមនៅកម្ពុជា និងការសម្តែងក្បាច់គុនល្បុក្កតោដែលបង្ហាញពីប្រភេទកីឡាអត្តសញ្ញាណជាតិកម្ពុជា នៅក្នុងពិធីជាប្រវត្តិសាស្ត្រមួយនេះឆ្ពោះមកកម្ពុជាក្នុងស៊ីហ្គេមនាខែឧសភា ២០២៣ ផងដែរ ៕
អត្ថបទ៖ លី ឈុនឡា