ក្រុមបាល់ទាត់ Manchester City បានបញ្ចប់ក្តីស្រមៃ Arsenal ចង់ឈ្នះជើងឯក ៤ ក្នុងមួយរដូវកាលក្រោយ Nico O’Reilly តែតបញ្ចូលទីពីរគ្រាប់ម្នាក់នៅវគ្គផ្តាច់ព្រ័ត្រ EFL Cup។
ជាថ្ងៃដ៏អាក្រក់មួយសម្រាប់អ្នកចាត់ការ Arsenal លោក Mikel Arteta ដែលសម្រេចដាក់អ្នកចាំទីដៃទីពីរ Kepa Arrizabalaga ជំនួសជម្រើសដំបូង David Raya។
អតីតអ្នកចាំទី Chelsea រូបនេះគឺជាអ្នកបង្កឱ្យរបូតគ្រាប់បាល់ដំបូងនៅពេលបាល់លើកចូលរបស់ Rayan Cherki ចាប់មិនជាប់ ដល់ខ្សែការពារ Nico O’Reilly តែតបញ្ចូលទីនាំមុខនៅនាទីទី ៦០។
បួននាទីបន្ទាប់ កីឡាករវ័យ ២១ ឆ្នាំអង់គ្លេសដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួនដែលជាការតែតបញ្ចូលទីផងដែរពីការប៉ះបញ្ជូនដោយ Matheus Nunes។
ចប់ការប្រកួត Manchester City ឈ្នះ Arsenal ២-០ ខណៈលោក Pep Guardiola បានក្លាយជាអ្នកចាត់ការដំបូងបំផុតដែលដឹកនាំក្រុមឈ្នះជើងឯក EFL Cup ៥ លើក ខណៈដែលមិត្តរួមជាតិអេស្ប៉ាញ Mikel Arteta និង Arsenal នៅតែបន្តរង់ចាំឈ្នះពានដំបូងសម្រាប់ក្លិបរាប់តាំងពីឈ្នះជើងឯក FA Cup នៅឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ


