អឺរ៉ុប៖ ប្រទេសបែលហ្ស៊ិក អៀរឡង់ សាធារណរដ្ឋឆែក និងហូឡង់បានរួមគ្នាបណ្ដេញអ្នកការទូតរុស្ស៊ីជាង ៤០នាក់ដោយចោទប្រកាន់ពួកគេពីបទចារកម្ម។ យោងតាមអ្នកនាំពាក្យមួយរូប ប្រទេសបែលហ្ស៊ិកនឹងត្រូវបណ្ដេញជនជាតិរុស្ស៊ី ២១នាក់ដែលធ្វើការនៅស្ថានទូតរបស់ទីក្រុងមូស្គូនៅទីក្រុងប្រ៊ុចសែល និងស្ថានកុងស៊ុលរបស់ខ្លួននៅទីក្រុង Antwerp។

ក្រុមមន្ត្រីបានចោទប្រកាន់ថា ខណៈពួកគេទាំងអស់ត្រូវបានទទួលស្គាល់ថាជាអ្នកការទូត ពួកគេពិតជាបានចូលរួមក្នុងប្រតិបត្តិការចារកម្ម និងបង្កការប៉ះពាល់។ ក្រសួងការបរទេសហូឡង់បានប្រកាសថា ខ្លួនកំពុងដកភ្នាក់ងារចារកម្មរុស្ស៊ីចំនួន ១៧នាក់ដែលមានការទទួលស្គាល់ថាជាអ្នកការទូត ដោយធ្វើសកម្មភាពលើព័ត៌មានពីសេវាសន្តិសុខរបស់ខ្លួន។ ក្រសួងនេះបានបន្ថែមថា ប្រទេសហូឡង់ត្រូវបានរៀបចំសម្រាប់វិធានការសងសឹកណាមួយរួចរាល់ហើយ ព្រោះទីក្រុង Moscow អាចនឹងចាត់វិធានការវាយបកវិញនៅថ្ងៃណាមួយ។
ជាមួយគ្នានោះដែរ ក្រសួងការបរទេសរបស់អៀរឡង់បានបណ្ដេញក្រុមមន្ត្រីជាន់ខ្ពស់ចំនួន ៤រូបដែលបានបម្រើការងារនៅស្ថានទូតរុស្ស៊ីក្នុងប្រទេសខ្លួន ដោយលើកឡើងថា សកម្មភាពរបស់ក្រុមអ្នកការទូតទាំងនោះ មិនស្របតាមបទដ្ឋានអន្តរជាតិនៃឥរិយាបថជាអ្នកការទូតទេ ដោយបន្ថែមថា ទោះយ៉ាងណាក៏ដោយទ្វារការទូតរវាងរដ្ឋាភិបាលក្រុង Dublin និងក្រុង Moscow នៅតែបើកចំហជានិច្ច៕
អត្ថបទ៖ សុខមាន