កំពត៖ គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពត សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៩៣,៤១ ភាគរយហើយ គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិប្រចាំខេត្តកំពតនេះ មានទីតាំងស្ថិតនៅស្រុកទឹកឈូ កំពុងសាងសង់នៅលើផ្ទៃដីទំហំ ៤ហិកតាមានជម្រៅ៤,៥ម៉ែត្រ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ប្រមាណជិត ១០លានដុល្លារអាមេរិក។
ក្រោយពីបញ្ចប់ការសាងសង់ជាស្ថាពរ កំពង់ផែទេសចរណ៍អន្តរជាតិនេះនឹងក្លាយជាច្រកទ្វារដ៏សំខាន់ សម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តតាមផ្លូវទឹក ជាពិសេសទេសចរណ៍មកពីប្រទេសថៃ និងវៀតណាមចូលមកកាន់កម្ពុជា ជាកំពង់ផែសម្រាប់អ្នកដំណើរមិនមែនជាកំពង់ផែទំនិញឡើយ។
ជាងនេះទៅទៀត កំពង់ផែនេះ ចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកំពត ជួយបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ កំពង់ផែនេះ ជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ៕





