មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ថ្លែងថា ស្រ្តីបានចូលរួមជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសការចូលរួមលើវិស័យសហគ្រាសធុនតូច និងមធ្យម សម្រាប់ផលិតផលក្នុងស្រុកសរុបមានប្រមាណជាង ៦០% ដោយក្នុងនោះស្រ្តីបានចូលរួមក្នុងវិស័យការងារមានជាង ៦៥%។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់សមាគមសហគ្រិនស្រ្តីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នេះថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនដូចជា បញ្ហាជម្លោះ ព្រំដែន និងថ្មីៗនេះសង្គ្រាមនៅមជ្ឈឹមបូព៌ា ដោយបានធ្វើឱ្យពិភពលោកកំពុងជួបប្រទះ ក្នុងនោះក៏មានកម្ពុជាផងដែរ។ តែទោះបីយ៉ាង ណា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានខិតខំប្រឹងប្រែង រួមជាមួយប្រជាជនកម្ពុជា ក៏ដូចជាសហគ្រិនស្រ្តី បានរួមគ្នា ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនជាវិជ្ជមាន។
លោកជំទាវ បន្តថា ជាក់ស្តែងនៅក្នុងឆ្នាំ២០២៥, ផលិតផលក្នុងស្រុកសរុប នៅតែបន្តការកើនឡើងក្នុងរង្វង់ប្រមាណ ៥% ក្នុងនោះវិស័យពាណិជ្ជកម្មទោះបីស្ថានភាពអន្តរជាតិ (ទាំងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម) មានការប្រែប្រួល ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា ជាពិសេសវិស័យពាណិជ្ជកម្មនៅតែរក្សាបាននូវកំណើន (កំណើនទំហំពាណិជ្ជកម្មសរុប) បានកើនឡើង ១៧% ក្នុងនោះការនាំចេញ មាន ១៧% និងការនាំចូលកើន ១៨% ដែលនេះគឺជាសមិទ្ធផលរបស់បងប្អូនកម្ពុជា។ ចំណែកការចូលរួមជុំរិញកំណើនសេដ្ឋកិច្ច និងការជំរុញផលិតផលក្នុងស្រុកសរុប ជាពិសេសការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម សម្រាប់ផលិតផល ក្នុងស្រុកសរុប មានប្រមាណជាង ៦០% ដោយក្នុងនោះស្រ្តីបានចូលរួមក្នុងវិស័យការងារមានជាង ៦៥%។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជានៅក្នុងបំណាច់ឆ្នាំ២០២៥ បើយោងតាមរបាយការណ៍របស់អគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦៤ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ កើនឡើងជិត ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជិត ៣៤ ពាន់លានដុល្លារ កើន ឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ចំណែកការដោះដូរពាណិជ្ជកម្មរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះវិញ មានទំហំ ទឹកប្រាក់សរុបជាង ១១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ៥,២ ពាន់លានដុល្លារ កើនឡើងប្រមាណ ជាង ១៧ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ៥,៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៥៕
អត្ថបទ៖ សុន រ៉ាឌី




