ប្រមុខទីភ្នាក់ងារថាមពលអន្តរជាតិ នៅថ្ងៃចន្ទ (ទី២៣ ខែមីនា ឆ្នាំ២០២៦) នេះ បាននិយាយថា យ៉ាងហោចណាស់ទ្រព្យសកម្មថាមពលចំនួន ៤០ ត្រូវបានរងខូចខាតយ៉ាងធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរខ្លាំង នៅមជ្ឈិមបូព៌ា ដោយសារតែសង្គ្រាមនៅក្នុងតំបន់នេះ។

លោក Fatih Birol បានប្រាប់ក្លឹបសារព័ត៌មានជាតិនៅរដ្ឋធានីរបស់ប្រទេសអូស្ត្រាលីថា៖ «មានហេដ្ឋរចនាសម្ព័ន្ធថាមពលយ៉ាងហោចណាស់ ៤០ នៅក្នុងតំបន់ ត្រូវបានរងខូចខាតយ៉ាងធ្ងន់ធ្ងរ ឬធ្ងន់ធ្ងរខ្លាំង នៅទូទាំងប្រទេសចំនួន ៩»។ ហើយលោក Birol ក៏បាននិយាយផងដែរថា សេដ្ឋកិច្ចពិភពលោកប្រឈមនឹង «ការគំរាមកំហែងយ៉ាងធំធេង» ដោយសារតែសង្គ្រាមអ៊ីរ៉ង់។
ការអត្ថាធិប្បាយរបស់លោក បានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានបើកការវាយប្រហារថ្មី នាព្រឹកថ្ងៃចន្ទនេះ លើទីក្រុងតេអេរ៉ង់។ ជាមួយគ្នានេះ ប្រមុខស្ថាប័នថាមពលអន្តរជាតិ បានបន្ថែមថា លោកកំពុងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនានា ទាំងនៅតំបន់អឺរ៉ុប និងអាស៊ី អំពីលទ្ធភាពនៃការបញ្ចេញប្រេងពីការស្តុកទុកបន្ថែមទៀត។
ខណៈពេលដែលអ៊ីរ៉ង់បន្តគ្រប់គ្រងលើច្រកសមុទ្រ Hormuz ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ពេល ៤៨ម៉ោង សម្រាប់ទីក្រុងតេអេរ៉ង់ ដើម្បីឲ្យបើកផ្លូវទឹកយុទ្ធសាស្ត្រនេះឡើងវិញដល់នាវាទាំងអស់ ដោយបញ្ជាក់ថា បើមិនដូច្នោះទេ សហរដ្ឋអាមេរិកនឹង «បំផ្លាញ» រោងចក្រថាមពលរបស់អ៊ីរ៉ង់។ លោក Trump បានបង្ហោះការគំរាមកំហែងនេះនៅលើបណ្ដាញសង្គមកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ តាមពេលវេលារបស់តំបន់មជ្ឈិមបូព៌ា។
សង្គ្រាមអ៊ីរ៉ង់ បានរំខានយ៉ាងធ្ងន់ធ្ងរដល់លំហូរពាណិជ្ជកម្មថាមពល តាមរយៈច្រកសមុទ្រ Hormuz ដ៏សំខាន់ជាយុទ្ធសាស្ត្រ ដោយបង្កើតបាននូវអ្វីដែល IEA ប្រាប់ថា ជាការរំខានដល់ការផ្គត់ផ្គង់ដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃទីផ្សារប្រេងពិភពលោក។ ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក ក៏ត្រូវបានកាត់បន្ថយប្រហែល ២០ភាគរយ ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

